យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា នាវាស្រមោលរបស់រុស្ស៊ីកំពុងប្រើប្រាស់ទង់ជាតិក្លែងក្លាយដើម្បីគេចពីទណ្ឌកម្មដែលត្រូវបានដាក់ទៅលើទីក្រុងមូស្គូជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

យោងតាមរបាយការណ៍ថ្មី នាវារុស្ស៊ីសរុបចំនួន១១៣គ្រឿងបានប្រើប្រាស់ទង់ជាតិក្លែងក្លាយក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ដោយដឹកជញ្ជូនប្រេងប្រហែល១១លានតោនមានតម្លៃ៤,៧ពាន់លានអឺរ៉ូ (៥,៤ ពាន់លានដុល្លារ) នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពលនិងខ្យល់ស្អាត(CREA) ជាក្រុមនៃវិទ្យាស្ថាន Think Tanks មានមូលដ្ឋាននៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់។

លោក Luke Wickenden សហអ្នកនិពន្ធបាននិយាយថា «ចំនួននាវាដឹកប្រេងស្រមោលរបស់រុស្ស៊ីដែលកំពុងដំណើរការក្រោមទង់ជាតិក្លែងក្លាយពេលនេះកំពុងកើនឡើងក្នុងអត្រាគួរឱ្យព្រួយបារម្ភ»។ «នាវាដែលមានទង់ជាតិក្លែងក្លាយ បានដឹកជញ្ជូនប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ីចំនួន ១,៤ ពាន់លានអឺរ៉ូ (១,៦ ពាន់លានដុល្លារ) ឆ្លងកាត់ច្រកសមុទ្រប្រទេសដាណឺម៉ាក កាលពីខែកញ្ញា»។
ក្បួននាវាសម្ងាត់របស់រុស្ស៊ីដឹកជញ្ជូនទំនិញដែលត្រូវបានដាក់ទណ្ឌកម្ម ជាពិសេសប្រេង ក្រោមទង់ជាតិដែលពុំមែនជារបស់រុស្ស៊ី ដើម្បីគេចវេះការត្រួតពិនិត្យ។ នាវាទាំងអស់ដែលធ្វើដំណើរលើសមុទ្រ ត្រូវបានតម្រូវឱ្យលើកទង់ជាតិ ផ្តល់សិទ្ធស្របច្បាប់សម្រាប់ប្រតិបត្តិការរបស់ខ្លួននៅលើដែនទឹកអន្តរជាតិ។