ប្រទេសឥណ្ឌាបានធ្វើពិធីគោរពវិញ្ញាណក្ខន្ធដល់មនុស្សជាង១៦០នាក់ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅទីក្រុងមុំបៃ កាលពីឆ្នាំ២០០៨ ជាខួបលើកទី១៧ កាលពីថ្ងៃពុធ ទី ២៦ ខែវិច្ឆិកា។

មេដឹកនាំរដ្ឋ Maharashtra ភាគខាងលិចរបស់ឥណ្ឌា លោក Devendra Fadnavis បានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៅឯវិមានរំលឹកវិញ្ញាណនៅទីក្រុងមុំបៃ។

ជនជាតិអាមេរិកចំនួន៦នាក់ស្ថិតក្នុងចំណោមមនុស្ស១៦៦នាក់ដែលត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើង ១០នាក់ជាអ្នកដែលបានជ្រៀតចូលក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះតាមទូក ហើយបានចំណាយពេលបីថ្ងៃបាញ់ស្រោចគ្រាប់កាំភ្លើង និងគប់គ្រាប់បែកដៃនៅជុំវិញទីតាំងសំខាន់ៗជាច្រើនកន្លែងក្នុងទីក្រុង។
ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានចោទប្រកាន់លោក Hafiz Saeed ដែលបានបង្កើតក្រុម Lashkar-e-Taiba (LeT) ថាជាមេខ្លោងនៃការវាយប្រហារ។ លោក Saeed បានបដិសេធការជាប់ពាក់ព័ន្ធ ប៉ុន្តែអាជ្ញាធរប៉ាគីស្ថានបានដាក់លោកឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងលំនៅឋាន។