ភ្នំពេញ៖ ជាថ្មីម្តងទៀត ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៩ខែកុម្ភៈនេះ បន្តក្រើនរម្លឹកដល់អាណាព្យាបាល ត្រូវនាំកូនអាយុ ៥ឆ្នាំដល់ក្រោម ១២ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ដែលនឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។
មានប្រសាសន៍ក្នុងកិច្ចសំភាសន៍ជាមួយBVT នៅថ្ងៃទី១៩ ខែកុម្ភៈនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឫហៅថា ដូសជំរុញ ជូនដល់កុមារអាយុពី៥ឆ្នាំដល់ក្រោម ១២ឆ្នាំ ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ គឺប្រើប្រាស់វ៉ាក់សាំងប្រទេសSinovac ដែលមានប្រសិទ្ធិភាពអាចទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។
លើសពីនេះ លោកជំទាវបន្តក្រើនរម្លឹកដល់អាណាព្យាបាល ត្រូវនាំកូនៗទៅចាក់វ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់ៗគ្នា ទៅតាមការកំណត់របស់គ្រូពេទ្យ នៅទីតាំងសុខាភិបាលសាធារណៈ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន។
បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដបានជាង ៤៣លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ ចាប់ពីដូសទី១ រហូតដល់ដូសទី៤។ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង អាចទៅទទួលការចាក់វ៉ាក់សាំងកូវីដបាន នៅទីតាំងសុខាភិបាលសាធារណៈ ដោយភ្ជាប់ទៅជាមួយកាត់ចាក់វ៉ាក់សាំង អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត៕អត្ថបទ៖ទូច សោភ័ណ
