ខណៈអគ្គិភ័យដ៏ធំបំផុតក្នុងពេលជាង ៦០ឆ្នាំ នៅតែកំពុងឆាបឆេះក្នុងតំបន់អគារផ្ទះល្វែងនៅទីក្រុងហុងកុង ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងជិត ៣០០នាក់បាត់ខ្លួន នគរបាលទីក្រុងហុងកុង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) ថា អគ្គិភ័យនេះ ប្រហែលជារីករាលដាលដោយសារតែការធ្វេសប្រហែល លើរន្ទារុស្ស៊ី និងសំណាញ់ព័ទ្ធជុំវិញអគារ ដែលពុំមានសុវត្ថិភាព និងសម្ភារៈស្នោ ដែលប្រើប្រាស់ក្នុងអំឡុងពេលការងារថែទាំ។

នគរបាលនិយាយថា បន្ថែមពីលើអគារដែលគ្របដណ្ដប់ដោយសំណាញ់បៃតងនិងផ្លាស្ទិក ដែលប្រហែលជាមិនស្របតាមស្តង់ដារអគ្គិភ័យ ពួកគេក៏បានរកឃើញបង្អួចមួយចំនួននៅលើអគារ ត្រូវបិទជិតដោយសម្ភារៈស្នោ ដែលដំឡើងដោយក្រុមហ៊ុនសំណង់មួយ ដែលអនុវត្តការងារថែទាំនៅទីនោះ។

លោកស្រី Eileen Chung ប្រធាននគរបាលហុងកុង បាននិយាយថា "យើងមានហេតុផលក្នុងការជឿថា ភាគីដែលទទួលខុសត្រូវ មានការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យមានគ្រោះថ្នាក់នេះ ហើយធ្វើឱ្យអគ្គិភ័យរាលដាលមិនអាចគ្រប់គ្រងបាន ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន"។

មូលហេតុពិតប្រាកដនៃអគ្គិភ័យនេះមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែរន្ទាឬស្សីនិងសំណាញ់សំណង់ពណ៌បៃតង អាចជួយឱ្យចំហេះរាលដាលឆាប់រហ័សពាសពេញអគារ។ គួរឱ្យដឹងថា ករណីអគ្គិភ័យនេះកើតឡើងនៅតំបន់អគារលំនៅដ្ឋានក្នុងសង្កាត់ Tai Po ភាគខាងជើងតំបន់ New Territories នៃទីក្រុងហុងកុង។ តំបន់នេះមានអគារកម្ពស់ ៣១ជាន់ ចំនួន ៨ខ្នង ដែលមានផ្ទះប្រហែល ២.០០០ល្វែង ផ្ទុកមនុស្សបានប្រហែល ៤.៨០០ នាក់៕