ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃពុធបានប្រកាសពីភាពអាសន្នសន្តិសុខទូទាំងប្រទេស ខណៈដែលប្រទេសនេះ បានប្រឹងប្រែងឆ្លើយតបទៅនឹងរលកនៃការចាប់ជំរិតដ៏ធំ ដែលបានធ្វើឲ្យមនុស្សរាប់រយនាក់ ភាគច្រើនជាសិស្សសាលា ត្រូវបានចាប់ពង្រត់ ក្នុងរយៈពេលមួយសប្តាហ៍។

លោក Tinubu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នេះគឺជាភាពអាសន្នជាតិ ហើយយើងកំពុងឆ្លើយតបដោយការដាក់ពង្រាយកងទ័ពជើងគោកបន្ថែមទៀត ជាពិសេសនៅក្នុងតំបន់ដែលមានបញ្ហាសន្តិសុខ»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមវាយប្រហារនៅទូទាំងប្រទេស បានចាប់ជំរិតក្មេងស្រីសិស្សសាលាមូស្លីមចំនួន ២៤ នាក់ អ្នកថ្វាយបង្គំចំនួន ៣៨នាក់ សិស្សសាលា និងគ្រូបង្រៀនជាង ៣០០នាក់ មកពីសាលាកាតូលិកមួយ ក្មេងស្រីជំទង់១៣នាក់ និងក្មេងស្រីជាច្រើននាក់ទៀត ដែលបានដើរនៅជិតកសិដ្ឋានមួយ និងស្ត្រី និងកុមារចំនួន ១០នាក់ ផ្សេងទៀត។
មនុស្សរាប់សិបនាក់ ត្រូវបានជួយសង្គ្រោះ និងអ្នកផ្សេងទៀត បានរត់គេចខ្លួន ប៉ុន្តែកុមារចំនួន ២៦៥ នាក់ និងគ្រូបង្រៀនរបស់ពួកគេដែលត្រូវបានចាប់ខ្លួនពីសាលាបណ្ដុះបណ្ដាលកាតូលិកមួយ នៅក្នុងរដ្ឋនីហ្សេរបស់ប្រទេសនេះ កាលពីថៃ្ងសុក្រសប្តាហ៍មុន នៅតែបាត់ខ្លួន។

លោក Tinubu បានបញ្ជាក់ថា៖«ដោយសារស្ថានភាពសន្តិសុខដែលកំពុងកើតឡើង ខ្ញុំបានសម្រេចចិត្តប្រកាសអាសន្នសន្តិសុខទូទាំងប្រទេសនិងបញ្ជាឲ្យជ្រើសរើសនគរបាលបន្ថែមចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធ»៕