ក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយបន្ទាប់ពីកិច្ចប្រជុំដែលដឹកនាំដោយលោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) ថា ប្រទេសទួរគី ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងយន្តការរក្សាសន្តិភាព នៅក្នុងតំបន់ហ្កាហ្សា។

ក្រុមប្រឹក្សានេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដូចជានៅក្នុងក្របខ័ណ្ឌនៃការបង្កើតរបបឈប់បាញ់ដែរ ប្រទេសទួរគី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលខុសត្រូវនាពេលអនាគត ជាផ្នែកមួយនៃការអនុវត្តយន្តការដែលធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ហ្កាហ្សា និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ»។

«បទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ដែលអ្នកផ្តួចផ្តើមគំនិត មានប្រទេសទួរគីមួយដែរនោះ គឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់ការប្រល័យពូជសាសន៍នៅក្នុងដែនដីនេះ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំ វាត្រូវបានសង្កត់ធ្ងន់ថា រដ្ឋបាលអ៊ីស្រាអែល ដែលបានរំលោភលើបទឈប់បាញ់ ត្រូវតែបញ្ឈប់ការវាយប្រហារជាបន្ទាន់ និងបំពេញកាតព្វកិច្ចរបស់ខ្លួន»៕