សារព័ត៌មាន Mainichi Shimbun បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃពុធ បានរិះគន់ជាថ្មីម្តងទៀតចំពោះសុន្ទរកថាខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លើបញ្ហាកោះតៃវ៉ាន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនាក់ទំនងស្ថិរភាពរវាងប្រទេសជប៉ុន និងចិន។

លោក Ishiba បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅទីក្រុងតូក្យូថា ចាប់តាំងពីការធ្វើឱ្យទំនាក់ទំនងផ្នែកការទូតរវាងប្រទេសជប៉ុន និងចិន មានលក្ខណៈប្រក្រតីឡើងវិញក្នុងឆ្នាំ១៩៧២ រដ្ឋបាលជាបន្តបន្ទាប់បានយល់ និងគោរពនូវជំហររបស់ប្រទេសចិនថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន នេះបើយោងតាមសេចក្តីរាយការណ៍។ លោកបាននិយាយបន្ថែមថា «វាជារឿងមួយដែលមិនត្រូវបានផ្លាស់ប្តូរទេ ហើយយើងបានបន្តដោយប្រុងប្រយ័ត្នយ៉ាងខ្លាំង»។

លោកស្រី Takaichi បានអះអាងនៅក្នុងកិច្ចប្រជុំសភាកាលពីនៅថ្ងៃទី៧ ខែវិច្ឆិកាថា «ការប្រើប្រាស់កម្លាំងរបស់ចិនដីគោកទៅលើកោះតៃវ៉ាន់» អាចបញ្ជាក់ថាជា «ស្ថានភាពគំរាមកំហែងដល់ការរស់រាន» សម្រាប់ប្រទេសជប៉ុន ដែលបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងស្រុកភ្លាមៗ។
ក្នុងអំឡុងកម្មវិធីតាមទូរទស្សន៍មួយ លោក Ishiba បានរិះគន់លោកស្រី Takaichi ចំពោះការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជប៉ុន-ចិន មានភាពតានតឹង ដោយនិយាយថាជាការខុសឆ្គង និងបានបញ្ជាក់ថារដ្ឋាភិបាលជប៉ុនជាបន្តបន្ទាប់តែងតែគ្រប់គ្រងទំនាក់ទំនងទ្វេភាគីដោយប្រុងប្រយ័ត្ន ហើយគេគ្រប់គ្នាបានដោះស្រាយរឿងរ៉ាវដោយយកចិត្តទុកដាក់យ៉ាងពិតប្រាកដ ដូច្នេះរដ្ឋបាលបច្ចុប្បន្នគួរតែយល់ច្បាស់ពីជំហរជាមូលដ្ឋានយូរអង្វែងរបស់ប្រទេសជប៉ុន និងរក្សាការប្រុងប្រយ័ត្នក្នុងការអនុវត្តគោលនយោបាយនាពេលអនាគត។