ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) នេះថា របបសឹកមីយ៉ាន់ម៉ា នឹងលើកលែងទោស ឬទម្លាក់ចោលនូវបទចោទប្រកាន់ លើមនុស្សសរុប ៨.៦៦៥នាក់ ដើម្បីអនុញ្ញាតឱ្យពួកគេទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខ ដែលរងការរិះគន់ពីបណ្តាប្រទេសលោកខាងលិច និងក្រុមសិទ្ធិមនុស្ស។

សេចក្ដីប្រកាសនេះ រួមបញ្ចូលទាំងការកាត់បន្ថយទោសសម្រាប់មនុស្សចំនួន ៣.០៨៥នាក់ ដែលត្រូវបានកាត់ទោសតាមមាត្រា ៥០៥A នៃក្រមព្រហ្មទណ្ឌ។ ក្រមនេះចែងថា មតិដែលអាចបង្កឱ្យមានការភ័យខ្លាច ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ គឺជាបទព្រហ្មទណ្ឌ។ ជាមួយគ្នានេះ បទចោទប្រកាន់លើមនុស្ស ៥.៥៨០នាក់ ផ្សេងទៀតដែលនៅតែមិនអាចចាប់ខ្លួនបាន ក៏ត្រូវទម្លាក់ចោលផងដែរ។

ថ្លែងកាលពីថ្ងៃពុធ មុនការលើកលែងទោសនេះត្រូវប្រកាសជាផ្លូវការ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយថា វិធានការនេះរៀបចំឡើងដើម្បីជួយអ្នកដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ទៅទម្លាក់សន្លឹកឆ្នោត "ដោយសេរី និងយុត្តិធម៌" ក្នុងការបោះឆ្នោតខាងមុខ។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោតក្នុងដំណាក់កាលជាច្រើន នៅក្នុងខែធ្នូ ឆ្នាំ២០២៥នេះ និងខែមករា ឆ្នាំក្រោយ៕