ឧត្តរមានជ័យ៖ សត្វទន្សោងឈ្មោលមួយក្បាលបានងាប់ ខណៈជាប់អន្ទាក់ព្រានអត់អាហារជាច្រើនថ្ងៃ ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ត្រូវបានកម្លាំងការពារព្រៃឈើ សហគមន៍ដើរល្បាតប្រទះឃើញ បន្ទាប់ពីលឺ ឮសំឡេងឆ្កែព្រួស ស្ថិតនៅត្រង់ចំណុចភូមិសាស្ត្រព្រៃសន្លុង ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមមានជ័យ នៅថ្ងៃទី១៨កុម្ភៈ ២០២២នេះ។
លោក សា ថ្លៃ ប្រធានបណ្តាញសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ បានឧ្យដឹងថា សត្វទន្សោងឈ្មោលមួយក្បាល ដែលបានងាប់បន្ទាប់ពីជាប់អន្ទាក់របស់ព្រានព្រៃ ត្រូវរបួសជើងក្រោយ ផ្នែកខាងស្តាំ បន្ទាប់ពីបានដាច់ចេញពីអន្ទាក់រត់អស់ជាច្រើនថ្ងៃ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត។ខណៈព្រានបាននាំសត្វឆ្កែតាមរកហើយត្រូវបានដេញខាំឱ្យរងរបួស រួមនិងព្រានបានធ្វើការវ៉ៃថែមផងទៀតនោះ ធ្វើឲ្យសត្វទន្សោងបណ្តាឲ្យងាប់តែម្តង។
បច្ចុប្បន្នសត្វទន្សោងមួយក្បាលនោះ ត្រូវបានដឹកយកទៅទីស្នាក់ការកណ្តាលសហគមន៍ព្រៃសង្ឃរុក្ខាវ័ន ដើម្បីធ្វើពិធីបង្សុកូល និងកប់នៅទីនោះ។
គួរបញ្ជាក់ថា កន្លងមកនៅចំណុចព្រៃសង្ឃរុក្ខាវ័ន្ត ទោះបីមានកម្លាំងសហគមន៍រួមទាំងកម្លាំងបរិស្ថាន ព្រះសង្ឃធ្វើការទប់ស្កាត់ការពារយ៉ាងណាក្តី ក៏នៅតែមានជនខិលខូចដែលជាព្រានព្រៃលប លួចចូលធ្វើសកម្មភាពដាក់អន្ទាក់សត្វ ឬក៏បរបាញ់បានដោយរលូនផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ



