មន្ត្រីជាន់ខ្ពស់នៅអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ លោក Wellington Koo បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) នេះថា កោះតៃវ៉ាន់ បានពិភាក្សាបឋមរួចហើយជាមួយសហរដ្ឋអាមេរិក អំពីសព្វាវុធដែលខ្លួនចង់ទិញ ជាផ្នែកមួយនៃថវិកាការពារជាតិបន្ថែមថ្មី ៤០ពាន់លានដុល្លារ របស់ខ្លួន។
មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានប្រកាសកាលពីថ្ងៃពុធសប្ដាហ៍នេះ អំពីផែនការចំណាយថ្មី ដែលចាប់ផ្តើមពីឆ្នាំ២០២៦-២០៣៣ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កោះនេះក្នុងការការពារខ្លួន ខណៈសម្ពាធកើនឡើងពីប្រទេសចិន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Koo បាននិយាយថា ការទិញអាវុធពីសហរដ្ឋអាមេរិក ជាផ្នែកមួយដ៏សំខាន់នៃផែនការចំណាយរបស់កោះ ប៉ុន្តែមិនមានព័ត៌មានលម្អិតណាមួយអាចត្រូវបង្ហាញទេនៅពេលនេះ មុនពេលមានការជូនដំណឹងជាផ្លូវការទៅកាន់សភាអាមេរិក។
ប្រទេសចិន បានថ្កោលទោសខ្លាំងៗលើផែនការចំណាយវិស័យការពារជាតិថ្មីរបស់កោះតៃវ៉ាន់នេះ។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិន ប្រឆាំងនឹងអន្តរកម្មផ្លូវការ និងទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ របស់ចិន ហើយជំហរនេះគឺជាប់លាប់ណាស់។ លោកស្រីបន្តថា អាជ្ញាធរបក្ស DPP នៃតំបន់តៃវ៉ាន់ នឹងមិនជោគជ័យក្នុងការរឹងទទឹងទល់នឹងការជុំជាតិឡើងវិញ និងការស្វែងរក "ឯករាជ្យ" តាមរយៈការបង្កើនយោធាឡើយ៕
