ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) បានអំពាវនាវដល់ប្រទេសអ្នកសម្រុះសម្រួលដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីឲ្យអនុញ្ញាតឲ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់យុទ្ធជនរាប់សិបនាក់របស់ខ្លួន ដែលលាក់ខ្លួនក្នុងផ្លូវរូងក្រោមដី នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។
ការស្នើនេះបានកើតឡើងបន្ទាប់ពីយោធាអ៊ីស្រាអែល បានប្រាប់ថា ខ្លួនបានសម្លាប់សមាជិកក្រុមហាម៉ាសជាង ២០នាក់ កាលពីសប្តាហ៍មុន «ដែលប៉ុនប៉ងរត់ចេញពីហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្រោមដី នៅក្នុងតំបន់នេះ» និងចាប់ខ្លួន ៨នាក់ទៀត។

ក្រុមហាម៉ាសបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងត្រូវឲ្យ (អ៊ីស្រាអែល) ទទួលខុសត្រូវទាំងស្រុង ចំពោះជីវិតរបស់យុទ្ធជនរបស់យើង ហើយអំពាវនាវឲ្យអ្នកសម្របសម្រួលរបស់យើងចាត់វិធានការជាបន្ទាន់ ដើម្បីដាក់សម្ពាធ (អ៊ីស្រាអែល) ឲ្យអនុញ្ញាតឲ្យសមាជិករបស់យើងបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ»។
គួរបញ្ជាក់ថា នេះគឺជាលើកទី១ ហើយ ដែលក្រុមនេះបានទទួលស្គាល់ជាសាធារណៈថា សមាជិករបស់ខ្លួនបានជាប់នៅក្នុងផ្លូវរូងក្រោមដី។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ ក្រុមសកម្មប្រយុទ្ធហាម៉ាស ចំនួនចន្លោះពី ១០០ ទៅ ២០០នាក់ នៅតែជាប់ក្នុងបណ្តាញផ្លូវរូងក្រោមដី ពីក្រោមទីក្រុង Rafah ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល។
ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា កងទ័ពអ៊ីស្រាអែលបានដកចេញពីផ្នែកនៃតំបន់ឆ្នេរសមុទ្ររបស់ដែនដីប៉ាឡេស្ទីន ជាអ្វីដែលគេហៅថា «បន្ទាត់ពណ៌លឿង» ដែលសម្គាល់តំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល៕


