ក្រិក៖ អ្នកពន្លត់អគ្គិភ័យបានប្រើប្រាស់ទូក និងនាវាដើម្បីពន្លត់ភ្លើងឆាបឆេះនៅលើនាវានៅសមុទ្រ Ionian ក្បែរកោះ Corfu របស់ប្រទេសក្រិក។ អ្នកជំនាញជួយសង្គ្រោះបានឡើងលើនាវាដែលកំពុងឆេះ ដើម្បីរំដោះអ្នកបើកបររថយន្តដឹកទំនិញ ២នាក់ដែលបានជាប់នៅខាងក្នុងនាវាអស់រយៈពេលជាង ១៥ម៉ោងកាលពីថ្ងៃសុក្រ។ ក្តីសង្ឃឹមបានថយចុះសម្រាប់មនុស្ស ១១នាក់ផ្សេងទៀតដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួន។

ក្រុមអ្នកជួយសង្គ្រោះបានចុះពីឧទ្ធម្ភាគចក្រមកលើនាវាក្នុងពេលមានផ្សែងយ៉ាងក្រាស់ ដើម្បីស្វែងរកអ្នកជាប់នៅខាងក្នុងនាវា Euroferry Olympia។ ឆ្មាំសមុទ្រនិយាយថា អ្នកដំណើរ និងនាវិកចំនួន ២៧៨នាក់ត្រូវបានជួយសង្គ្រោះពីអគ្គិភ័យដែលបានឆាបឆេះនាវា ក្នុងផ្លូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីពីប្រទេសក្រិកមានផ្ទុកអ្នកដំណើរ ២៩១នាក់នៅលើនោះ។ មូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងច្បាស់នៅឡើយ។ អ្នកដំណើរដែលត្រូវបានគេជួយសង្គ្រោះ គ្មាននរណាម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែភាគច្រើនមានការពិបាកដកដង្ហើម។
អគ្គិភ័យបានឆាបឆេះនាវាបំពាក់ទង់ជាតិប្រទេសអ៊ីតាលីនៅលើសមុទ្រ Ionian ដែលបានកើតឡើងរយៈពេលបីម៉ោងបន្ទាប់ពីចាកចេញពីកំពង់ផែ Igoumenitsa នៅភាគពាយព្យប្រទេសក្រិកទៅកាន់កំពង់ផែ Brindisi របស់ប្រទេសអ៊ីតាលី។ អាជ្ញាធរក្រិកនិយាយថា អ្នកដំណើរ ២៣៩នាក់ និងសមាជិកនាវិក ៥១នាក់នៅលើនោះ ហើយនាវានេះកំពុងដឹកជញ្ជូនរថយន្តដឹកទំនិញ ១៥៣គ្រឿង និងរថយន្តតូច ៣២គ្រឿង៕
អត្ថបទ៖ ប៊ុនថន