ទីភ្នាក់សញ្ជាតិ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) បានឲ្យដឹងថា ខ្លួនបានបញ្ឈប់ដំណើរការដោយគ្មានកំណត់នូវរាល់ពាក្យសុំអន្តោប្រវេសន៍ដែលទាក់ទងនឹងពលរដ្ឋអាហ្វហ្គានីស្ថាន បន្ទាប់ពីទាហានឆ្មាំជាតិ ២រូបត្រូវបានបាញ់ប្រហារ និងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ នៅទីក្រុងវ៉ាស៊ីនតោន។
លោកប្រធានាធិបតី Donald Trump បាននិយាយថា ការបាញ់ប្រហារ នៅជិតសេតវិមាន គឺជា «អំពើភេរវកម្ម» ដោយបញ្ជាក់ថា ជនសង្ស័យមកពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១។

ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីមានការអំពាវនាវរបស់លោក Trump ឲ្យរដ្ឋាភិបាលរបស់លោកពិនិត្យមើលឡើងវិញនូវជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានដែលបានចូលមកសហរដ្ឋអាមេរិក នៅពេលលោក Joe Biden កាន់តំណែងជាប្រធានាធិបតី។
ទីភ្នាក់សញ្ជាតិ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «ការការពារ និងសុវត្ថិភាពនៃមាតុភូមិ និងប្រជាជនអាមេរិករបស់យើង នៅតែជាការផ្តោត និងបេសកកម្មដ៏សំខាន់តែមួយគត់របស់យើង»៕


