មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) បានលើកឡើងថា ប្រទេសអាល្លឺម៉ង់ប្រឈមនឹងទស្សនវិស័យកំណើនរយៈពេលមធ្យមដ៏លំបាកឥតឈប់ឈរ ប្រសិនបើកំណែទម្រង់ច្បាស់លាស់ជាងនេះ មិនត្រូវបានអនុវត្តទាំងនៅក្នុងស្រុក និងនៅកម្រិតសហភាពអឺរ៉ុប (EU) ទេនោះ។
មូលនិធិនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចដ៏ធំជាច្រើនឆ្នាំ និងកំណើនមិនល្អ កំណែទម្រង់ដ៏សំខាន់របស់ប្រទេសអាល្លឺម៉ង់ លើច្បាប់សារពើពន្ធរបស់ខ្លួន នៅដើមឆ្នាំនេះបានបង្កើតឲ្យមានស្ថានភាពងើបឡើងវិញរបស់សេដ្ឋកិច្ច ដែលត្រូវបានជំរុញដោយការបង្កើនល្បឿនបន្តិចម្តងៗនៃការវិនិយោគ និងការប្រើប្រាស់ ក្នុងប្រទេស»។

តែយ៉ាងណាក្ដី IMF បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការព្យារកររយៈពេលមធ្យម នៅតែមានកម្រិត ដោយសារការមានអត្រាប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័ស និងកំណើនផលិតភាពខ្សោយ ហេតុដូច្នេះហើយ វាគឺជាការសំខាន់ ក្នុងការប្រើប្រាស់ទំហំសារពើពន្ធដែលមានស្រាប់ប្រកបដោយភាពឆ្លាតវៃ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរយៈពេលវែងរបស់សេដ្ឋកិច្ច។
ស្ថាប័ននេះ បានបន្ថែមថា កិច្ចប្រឹងប្រែងបែបនេះ គួរត្រូវបានបំពេញបន្ថែមដោយកំណែទម្រង់រចនាសម្ព័ន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ច ក្នុងរួមទាំងវិធានការជំរុញនវានុវត្តន៍ និងឌីជីថលភាវូបនីយកម្មបន្ថែមទៀត កាត់ច្បាប់ការិយាធិបតេយ្យ កាត់បន្ថយឧបសគ្គនៃការផ្គត់ផ្គង់កម្លាំងពលកម្ម ជាពិសេសក្នុងចំណោមស្ត្រី កម្មករវ័យចំណាស់ និងជនអន្តោប្រវេសន៍ និងធ្វើឲ្យសមាហរណកម្មសេដ្ឋកិច្ចអឺរ៉ុបកាន់តែស៊ីជម្រៅ ក្នុងនោះរួមទាំងកាត់បន្ថយរនាំងពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែន ហើយរួមបញ្ចូលទីផ្សារថាមពល និងមូលធនឲ្យកាន់តែល្អប្រសើរផងដែរ៕


