ក្រុមអាជ្ញាធរ និយាយថា អគ្គិភ័យឆាបឆេះតំបន់ក្រីក្រមានមនុស្សរស់នៅច្រើនកុះករ ស្ថិតក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស បានបំផ្លិចបំផ្លាញខ្ទមតូចៗចំនួន ១.៥០០ខ្ទម ធ្វើឲ្យមនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែងរស់នៅ ។
ពុំមានគ្រោះថ្នាក់ ត្រូវបានរាយការណ៍នោះទេ គិតត្រឹមថ្ងៃពុធ រយៈពេល ១ថ្ងៃ ក្រោយអណ្តាតភ្លើងដ៏ខ្លាំងក្លាមួយបានឆាបឆេះតំបន់ក្រីក្រ Korail ។
យោងតាមសម្តីរបស់លោក Rashed Bin Khalid គឺជាមន្រ្តីមកពីនាយកដ្ឋានពន្លត់អគ្គិភ័យ បានឲ្យដឹងថា ពួកគេបានចំណាយពេល ១៦ម៉ោង ទម្រាំអាចពន្លត់អគ្គិភ័យបាន ដែលបានចាប់ផ្តើមឆាបឆេះឡើងកាលពីល្ងាចថ្ងៃអង្គារ ។

លោកអនុសេនីយ៍ឯក Mohammad Tajul Islam Chowdhury គឺជាប្រធានសេវាកម្មពន្លត់អគ្គិភ័យ បាននិយាយថា ខ្ទមតូចៗចំនួន ១.៥០០ខ្ទម រងការឆាបឆេះ ឬរងការខូចខាត នៅក្នុងអណ្តាតភ្លើង ហើយមនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែងរស់នៅ ។ ផ្សែងខ្មៅយ៉ាងក្រាស់ បានគ្របដណ្តប់ពីលើតំបន់នោះ ពេលដែលអណ្តាតភ្លើងហ៊ុមព័ទ្ធខ្ទម ។
យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា មនុស្សប្រហែល ៦ម៉ឺនគ្រួសារ ដែលភាគច្រើននៃពួកគេគឺជាំជនភៀសខ្លួនអាកាសធាតុ រស់នៅក្នុងតំបន់នោះដែលគ្របដណ្តប់លើផ្ទៃដី ៦៥ហិចតា ។
ប្រជាពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងរបស់ពួកគេ បានដើរប្រមូលទ្រព្យសម្បត្តិមានតម្លៃរបស់ពួកគេ ខណៈពេលដែលពួកគេដើរកាត់តាមកម្ទេចកម្ទី ។
ដោយឡែក ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និយាយថា ពួកគេពិបាកទៅដល់កន្លែងកើតហេតុ ដោយសារច្រកចូលតូចខ្លាំងពេក ៕
