នៅថ្ងៃព្រហស្បតិ៍នេះ តុលាការបង់ក្លាដែស បានកាត់ទោសនាយករដ្ឋមន្រ្តីត្រូវបានទម្លាក់ចេញពីអំណាច គឺលោកស្រី Sheikh Hasina ឲ្យជាប់ពន្ធនាគារររយៈពេល ២១ឆ្នាំ សម្រាប់អំពើពុករលួយ ពោលគឺរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ក្រោយលោកស្រីត្រូវបានផ្តល់ទោសប្រហារជីវិតសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
បច្ចុប្បន្នលោកស្រី Hasina វ័យ៧៨ឆ្នាំ កំពុងរស់នៅក្នុងប្រទេសឥណ្ឌា ហើយលោកស្រីបានជំទាស់នឹងដីកាតុលាការ ឲ្យលោកស្រីវិលត្រឡប់ទៅកាន់ប្រទេសបង់ក្លាដែសវិញ ។
លោកស្រីត្រូវបានកាត់ទោសកំបាំងមុខ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ដោយព្យួរក.ប្រហារជីវិត សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រោយបញ្ជាឲ្យចាត់វិធានការបង្រ្កាបស្លាប់មនុស្សលើការបះបោរដឹកនាំដោយក្រុមនិស្សិតកាលពីឆ្នាំមុន ដែលទីបញ្ចប់បានទម្លាក់លោកស្រីចេញពីអំណាច ។
ប៉ុន្តែការចោទប្រកាន់ ៣ករណីផ្សេងទៀត ត្រូវបានដាក់ប្រឆាំងអតីតមេដឹកនាំរូបនេះ ដោយគណៈកម្មការប្រឆាំងអំពើពុករលួយ សម្រាប់ការដណ្តើមយកដីឡូត៍មានតម្លៃថ្លៃនៅតំបន់ជាយក្រុងនៃរដ្ឋធានី Dhaka ។

លោកចៅក្រម Abdullah Al Mamun សម្រេចថា ទង្វើរបស់លោកស្រី Hasina បង្ហាញពីផ្នត់គំនិតពុករលួយបន្តមានដែលមានឫសគល់នៅក្នុងការទទួលបានសិទ្ធិអំណាចគ្មានការត្រួតពិនិត្យ និងការមើលឃើញភាពលោភលន់ចំពោះទ្រព្យសម្បត្តិសាធារណៈ ។
ដោយឡែក កូនប្រុស Sajeeb Wazed និងកូនស្រី Saima Wazed របស់លោកស្រី Hasina ដែលរស់នៅសហរដ្ឋអាមេរិក និងបម្រើការជាមន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល ៥ឆ្នាំ ។
សូមបញ្ជាក់ថា លោកស្រី Hasina បានរត់ភៀសខ្លួនចេញពីប្រទេសបង់ក្លាដែសតាមឧទ្ធម្ភាគចក្រកាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ រយៈពេលច្រើនសប្តាហ៍ក្រោយបាតុកម្មដឹកនាំដោយក្រុមនិស្សិតប្រឆាំងនឹងការគ្រប់គ្រងផ្តាច់ការរបស់លោកស្រី ៕
