ប្រទេសអារ៉ាប់រួម (UAE) បានសន្យាផ្តល់ជំនួយ ១ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រគម្រោងអគ្គិសនី និងថាមពលនៅទូទាំងប្រទេសយេម៉ែន ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយរដ្ឋ កាលពីថ្ងៃពុធ។
ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុង Aden រវាងប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំនៃប្រធានាធិបតី លោក Rashad Al-Alimi និងឯកអគ្គរដ្ឋទូតអារ៉ាប់រួម លោក Mohamed Hamad Al Zaabi ដែលបានបញ្ជាក់ជាថ្មីអំពីចេតនារបស់ទីក្រុង Abu Dhabi ក្នុងការជួយស្តារបណ្តាញថាមពលដែលរងការខូចខាតរបស់ប្រទេសយេម៉ែន។

ប្រទេសយេម៉ែន បានប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីរ៉ាំរ៉ៃអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយខេត្តភាគខាងត្បូងដូចជា Aden កំពុងជួបប្រទះការដាច់ចរន្តអគ្គិសនី ដែលអាចអូសបន្លាយរហូតដល់ ១២ម៉ោង ក្នុងមួយថ្ងៃ។ ការខូចខាតដល់រោងចក្រថាមពល ការផ្គត់ផ្គង់ប្រេងឥន្ធនៈមានកំណត់ និងអាជ្ញាធរដែលបែកបាក់ បានធ្វើឲ្យមនុស្សរាប់លាននាក់ពឹងផ្អែកលើម៉ាស៊ីនភ្លើងឯកជន និងប្រព័ន្ធពន្លឺព្រះអាទិត្យខ្នាតតូច។
ការសន្យាថ្មីរបស់ប្រទេសអារ៉ាប់រួម បានកើតឡើង ស្របពេលជាមួយនឹងសន្និសីទរដ្ឋាភិបាលថាមពលជាតិលើកដំបូង ដែលបានធ្វើឡើងនៅទីក្រុង Aden ជាកន្លែងដែលមន្ត្រី អ្នកវិនិយោគ និងអ្នកជំនាញថាមពលកកើតឡើងវិញ បានជួបជុំគ្នា ដើម្បីពិភាក្សាអំពីកំណែទម្រង់រយៈពេលវែង ដែលមានគោលបំណងធ្វើឲ្យ បណ្តាញអគ្គិសនីមានស្ថិរភាព និងទាក់ទាញហិរញ្ញប្បទានដល់ប្រទេសនេះ៕
