អាជ្ញាធរអាកាសចរណ៍របស់ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា ខ្លួនបានដាក់បម្រាមក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដែលត្រូវបានចោទប្រកាន់ពីបទ «ភេរវកម្ម» បន្ទាប់ពីពួកគេបានផ្អាកផ្លូវហោះហើរ ដោយអនុវត្តតាមការព្រមានរបស់សហរដ្ឋអាមេរិក អំពីការមានវិធានការយោធា នៅក្នុងតំបន់។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Instagram អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍រងការហាមឃាត់ ដែលមានដូចជា Iberia របស់អេស្ប៉ាញ TAP របស់ព័រទុយហ្គាល់ Avianca របស់កូឡុំប៊ី LATAM របស់ឈីលី និងប្រេស៊ីល GOL របស់ប្រេស៊ីល ហើយនិងក្រុមហ៊ុនអាកាសចរណ៍ទួរគី (Turkish Airline) នឹងត្រូវបានលុបចោលការអនុញ្ញាតឲ្យធ្វើប្រតិបត្តិការរបស់ពួកគេ ដោយសារ «ការចូលរួមក្នុងសកម្មភាព អំពើភេរវកម្មរបស់រដ្ឋ ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលអាមេរិក និងការផ្អាកជាឯកតោភាគីនូវប្រតិបត្តិការពាណិជ្ជកម្មតាមផ្លូវអាកាស»។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានព្រមានបង្កើនវិធានការយោធា នៅតំបន់ការ៉ាអ៊ីព ស្របពេលមានការដាក់ពង្រាយកងកម្លាំង ដើម្បីកំណត់គោលដៅលើប្រតិបត្តិការជួញដូរគ្រឿងញៀន ដែលប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ទទូចថា មានបំណងផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
ហើយជាមួយគ្នានេះ កាលពីសប្តាហ៍មុន រដ្ឋបាលអាកាសចរណ៍ (FAA) របស់សហព័ន្ធអាមេរិក បានជំរុញឲ្យយន្តហោះស៊ីវិលដែលកំពុងប្រតិបត្តិការនៅក្នុងដែនអាកាសវ៉េណេស៊ុយអេឡា «មានការប្រុងប្រយ័ត្ន» ដោយសារ «ស្ថានភាពសន្តិសុខកាន់តែអាក្រក់ និងសកម្មភាពយោធាកើនឡើង ទាំងនៅក្នុង ឬជុំវិញប្រទេសវ៉េណេស៊ុយអេឡា»៕


