ក្រុមអាជ្ញាធរ និយាយថា ស្រ្តីម្នាក់ ត្រូវបានសម្លាប់ និងបុរសម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការវាយប្រហាររបស់ត្រីឆ្លាមលើឆ្នេរជិតចំណុចជិះរលកដ៏ពេញនិយម នៅជិតតំបន់ឆ្នេរភាគខាងកើតប្រទេសអូស្រ្តាលី ។
នគរបាលរដ្ឋ New South Wales និយាយថា សេវាកម្មសង្រ្គោះបន្ទាន់ ត្រូវបានទូរស័ព្ទហៅនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ឲ្យធ្វើដំណើរទៅកាន់ឆ្នេរ Kylies ស្ថិតក្នុងឆកសមុទ្រ Crowdy ជិតកំពង់ផែ Macquarie ដែលមានចម្ងាយប្រហែល ៣៥០គ.មភាគខាងជើងទីក្រុងស៊ីដនី ក្រោយសេចក្តីរាយការណ៍ថា មនុស្ស ២នាក់ ត្រូវបានត្រីឆ្លាមខាំ ។

លោក Timothy Bayly គឺជាស្នងការនគរបាលរដ្ឋ New South Wales និយាយថា រឿងដ៏គួរឲ្យសោកសង្រេងបំផុតនោះ គឺស្រ្តីម្នាក់មានអាយុ ២០ឆ្នាំប្លាយ បានទទួលមរណភាពនៅកន្លែងកើតហេតុ ហើយបុរសម្នាក់ដែលមានអាយុ ២០ឆ្នាំប្លាយដែរនោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយលោកត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ John Hunter ទាំងក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ក្រុមមន្រ្តីនិយាយថា បច្ចុប្បន្ន ឆ្នេរសមុទ្រត្រូវបានបិទ ខណៈក្រុមអាជ្ញាធរព្យាយាមស្វែងរកត្រីឆ្លាមដែលពាក់ព័ន្ធនឹងឧបទ្ទេវហេតុនេះ ៕
