រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andril Sybiha និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមចរចាអ៊ុយក្រែន និងអាមេរិកលើសំណើសន្តិភាព នឹងជួបគ្នាក្នុងឆាប់ៗខាងមុខនេះ ហើយទីក្រុងគីវ នឹងផ្តោតសំខាន់លើជំហានច្បាស់លាស់ក្នុងសំណើសន្តិភាព ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីឡាតវីលោក Baiba Braz លោក Sybihaនិយាយថា នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ពួកយើងរំពឹងថា ក្រុមចរចានឹងជួបគ្នា ។ តើអ្វីទៅដែលពួកយើងរំពឹងដល់នោះ? ការរំពឹងទុករបស់ពួកយើង គឺលទ្ធផលយ៉ាងរឹងមាំ ។ លទ្ធផលរឹងមាំ ដើម្បីឲ្យវឌ្ឍនភាពអាចបង្កើតឡើងបាន ។ វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ហើយអ៊ុយក្រែនបានបញ្ជាក់ម្តងហើយម្តងទៀតថា ពួកគេចង់សម្រេចបទឈប់បាញ់ ។

លោកបន្តថា ភាគីអ៊ុយក្រែនចាប់អារម្មណ៍លើការទាក់ទងកម្រិតខ្ពស់ នៅក្នុងជំនួបរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីព្រោះថាមាននូវសំនួរជាច្រើន ពោលគឺជារឿងរសើបដែលអាចពិភាក្សានៅក្នុងកម្រិតខ្ពស់បំផុត ។
មន្រ្តីការទូតជាន់ខ្ពស់រុស្ស៊ីមួយរូបនិយាយកាលពីថ្ងៃពុធថា រុស្ស៊ីនឹងមិនធ្វើសម្បទានច្រើននោះទេ លើផែនការសន្តិភាពអ៊ុយក្រែន ក្រោយការបែកធ្លាយឯកសារនៃការសន្ទនារវាងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff និងតំណាងរុស្ស៊ី ។
របាយការណ៍បានបញ្ជាក់ថា ឯកសារនៃការសន្ទនារវាងជំនួយការប្រធានាធិបតីរុស្ស៊ីលោក Yury Ushakov លោក Witkoff និងបេសកជនពិសេសប្រធានាធិបតីរុស្ស៊ី លោក Kirill Dmitriev ត្រូវបានផ្សព្វផ្សាយដោយកាសែត Bloomberg ។ របាយការណ៍នេះ បានអះអាងថា ការសន្ទនាទាំងនោះ បានធ្វើឡើង នៅថ្ងៃទី ១៤ និង ២៩ ខែតុលាកន្លងទៅ ៕
