បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានបង្ហាញពីការព្រួយបារម្ភចំពោះការរីករាល នៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី (អូមីក្រុង) ស្របពេលដែលអត្រាឆ្លងក្នុងមួយរយៈពេលចុងក្រោយនេះ មានការហក់ឡើង។
ជាមួយនឹងការព្រួយបារម្ភនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញពលរដ្ឋ ឱ្យទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជំរុញ។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ជុំទី៣ ស្ដីពីកម្មវិធីការអប់រំភាពជា អ្នកដឹកនាំ កាលពីម្សិលមិញ ឯកឧត្តម សុខ លូ បានណែនាំដល់សិក្ខាកាមគ្រូបង្គោលទាំងអស់ ពេលត្រឡប់ទៅវិញ ត្រូវជួយជំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈនៅក្នុងស្រុកសំឡូតកំពុងមានការឆ្លងរាលដាលអូមីក្រុង នៅក្នុងចំណោមគ្រូបង្រៀន។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងដូសទី៣ មានប្រមាណជាង ៤០ភាគរយ នៃចំនួនប្រជាជនក្នុងខេត្តសរុប ដែលចំនួនអ្នកបានចាក់វ៉ាក់សាំងដូសជំរុញនេះ គឺតិចតួចបំផុត។
គិតចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងសរុបចំនួនជាង ១ម៉ឺន៤ពាន់នាក់ និងស្លាប់ចំនួន៣៦២នាក់៕អត្ថបទ៖ នឿត សុភក្ត្រ