នៅថ្ងៃព្រហស្បតិ៍នេះ ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ខេត្តស៊ូម៉ាត្រាខាងលិច ពេលដែលទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅខេត្តស៊ូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងហោច ២៨នាក់ ។
ភ្លៀងធ្លាក់ឥតឈប់ឈរជាច្រើនថ្ងៃចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក បានធ្វើឲ្យទឹកទន្លេនៅខេត្តស៊ូម៉ាត្រាខាងជើង ហក់ឡើងហៀរច្រាំង បណ្តាលឲ្យមានលំហូរល្បាប់ ថ្ម និងផ្ដួលរំលំដើមឈើ នៅតាមតំបន់ចំនួន៦ ។

រូបភាពវីដេអូឃ្លីបរបស់សាក្សីថាតបាននៅទីក្រុង Padang ខេត្តស៊ូម៉ាត្រាខាងលិច ឃើញទឹកជំនន់កញ្រ្ជោលឡើង ហើយក្រុមជួយសង្រ្គោះបានរកឃើញសាកសពមនុស្សម្នាក់ ។
ទីភ្នាក់ងារឧតុនិយម បាននិយាយថា ការជន់លិចបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងវាយប្រហារខេត្តដទៃទៀតនៅកោះស៊ូម៉ាត្រា រួមទាំងខេត្ត Aceh និងខេត្ត Riau ក្នុងពេល ២ថ្ងៃទៀតនេះ ។
ទឹកជំនន់នៅឥណ្ឌូនេស៊ី ស្ថិតក្នុងចំណោមគ្រោះមហន្តរាយអាកាសធាតុដែលបានវាយប្រហារតំបន់អាស៊ីអាគ្នេយ៍ ក្នុងសប្តាហ៍នេះ ។ មនុស្សជាង ៣០នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកជំនន់នៅប្រទេសថៃ និងម៉ាឡេស៊ី ៕
