ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆិកា) នេះ បានបដិសេធសេចក្ដីរាយការណ៍របស់សារព័ត៌មាន Wall Street Journal (WSJ) ដែលថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi កុំឲ្យបង្កហេតុជាមួយចិន ជុំវិញអធិបតេយ្យភាពរបស់កោះតៃវ៉ាន់។
គួរបញ្ជាក់ថា ជម្លោះរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់តំបន់អាស៊ី បានចាប់ផ្តើមផ្ទុះឡើងបន្ទាប់ពីលោកស្រី Takaichi បានលើកឡើងនៅក្នុងខែនេះថា ទីក្រុងតូក្យូអាចធ្វើអន្តរាគមន៍ផ្នែកយោធាពេលមានការវាយប្រហារណាមួយលើកោះស្វ័យគ្រប់គ្រង គឺតៃវ៉ាន់ ដែលចិនអះអាងថា ជាផ្នែកនៃដែនដីរបស់ខ្លួន។

ហើយបើយោងតាមក្រសួងការបរទេសចិន បានឲ្យដឹងថា អំឡុងពេលសន្ទនាតាមទូរសព្ទជាមួយលោក Trump កាលពីថ្ងៃទី២៤ ខែវិច្ឆិកា មេដឹកនាំចិន លោក Xi Jinping បានសង្កត់ធ្ងន់លើបញ្ហានេះ ដោយបញ្ជាក់ថា ការបានកោះនេះមកគ្រប់គ្រងវិញ គឺជា «ផ្នែកសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម»។
សារព័ត៌មាន WSJ បានរាយការណ៍នៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា ភ្លាមៗបន្ទាប់ពីមានការពិភាក្សានោះ «លោក Trump បានជជែកតាមទូរសព្ទជាមួយលោកស្រី Takaichi ហើយបានប្រាប់លោកស្រីកុំឲ្យបង្កហេតុជាមួយទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពរបស់កោះនេះ»។
សារព័ត៌មាននេះបានដកស្រង់សម្ដីពីមន្ត្រីជប៉ុន និងអាមេរិកម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងដែលបានប្រាប់អំពីការសន្ទនាតាមទូរសព្ទនេះ។ តែយ៉ាងណាក្ដី អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន គឺលោក Minoru Kihara បានបដិសេធសេចក្ដីរាយការណ៍ពីសារព័ត៌មាន WSJ។
ដោយមិនបានបញ្ជាក់លម្អិត លោក Kihara បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «អត្ថបទព័ត៌មាននេះ មាននូវការអះអាងមិនពិត ដែលថា ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ លោក Trump បានប្រាប់លោកស្រីនាយករដ្ឋមន្ត្រីកុំឲ្យបង្កហេតុជាមួយរដ្ឋាភិបាលចិន។ នេះមិនមែនជាការពិតឡើយ»៕
