ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត បានជំរុញបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ សម្រាប់អាណត្តិថ្មី ត្រូវបំពេញតួនាទីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យល្អ ដើម្បីដណ្តើមជ័យលាភី ក្នុងការបោះឆ្នោតខាងមុខនេះ។
ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ និងសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានលើកចិត្តដល់សមាជិកសមាជិកាគណបក្សទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់កែលម្អនូវចំណុចអវិជ្ជមាន និងត្រូវបំពេញតួនាទីជាថ្នាក់ដឹកនាំ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ ពោលគឺបេក្ខជនទាំងពេញសិទ្ធ ទាំងបម្រុង ត្រូវពង្រីកសមាជិកថ្មីឲ្យបានច្រើន ហើយត្រូវផ្សព្វផ្សាយពីស្នាដៃ សមិទ្ធផល របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសជាតិឈានទៅរកការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។
ឯកឧត្ដម បានស្នើដល់បេក្ខជនឈរឈ្មោះត្រៀមបោះឆ្នោត ក្នុងអាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) ត្រូវរៀបចំ ខ្លួនឲ្យស្របតាមបែបបទច្បាប់ត្រឹមត្រូវ ព្រោះនៅសល់រយៈពេលប្រមាណ៣ខែទៀត តែប៉ុណ្ណោះ ត្រូវបង្ហាញពីជំនឿជាក់ បង្កើនស្មារតីជួយអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ។
ឯកឧត្តម វង សូត បានអំពាវនាវដល់មន្ត្រីបក្សប្រជាជនកម្ពុជាទាំងអស់ ឱ្យយកចិត្តទុកដាក់លើការងារប្រយុទ្ធ ប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវបន្តផ្សព្វផ្សាយរំលឹកពលរដ្ឋឱ្យបន្តអនុវត្តវិធានការសុខាភិបាល និងវិធានការ បីកុំ បីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហើយជាពិសេសនោះ ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕អត្ថបទ៖ ថុង សីហា