ប្រទេសម៉ិកស៊ិកកំពុងស៊ើបអង្កេតប្រធានស្ថាប័នបវរកញ្ញាចក្រវាល ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធ ព្រមទាំងការលួចប្រេងផងដែរ ខណៈដែលដំណើរការនេះបានបន្ថែមភាពចម្រូងចម្រាសកាន់តែខ្លាំងថែមទៀតដល់កម្មវិធីប្រឡងបវរកញ្ញា។ នេះបើតាមការិយាល័យអគ្គរដ្ឋអាជ្ញា ដែលបានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យបានឲ្យដឹងថា ខ្លួនបានចេញដីកាចាប់ខ្លួនចំនួន ១៣ច្បាប់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេត ដោយមិនបានបង្ហាញអត្តសញ្ញាណបុគ្គលនោះឡើយ។ តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ដីកាចាប់ខ្លួនមួយច្បាប់ ត្រូវបានចេញ សម្រាប់ប្រធានស្ថាប័នបវរកញ្ញាចក្រវាល គឺលោក Raul Rocha។ បុរសសញ្ជាតិម៉ិកស៊ិករូបនេះ កាន់កាប់ហ៊ុនពាក់កណ្តាលនៃក្រុមហ៊ុនបវរកញ្ញាចក្រវាល។
ការិយាល័យអគ្គរដ្ឋអាជ្ញា ដោយជាការបង្ហាញព័ត៌មានលម្អិតនៃការស៊ើបអង្កេតដែលខ្លួនបានប្រាប់ថា មានតាំងពីឆ្នាំ២០២៤ មកនោះ សំដៅទៅលោក Rocha ត្រឹមឈ្មោះ «Raul R» តាមទម្លាប់ការអនុវត្តនៅក្នុងប្រទេសម៉ិកស៊ិក។ ការិយាល័យបានបញ្ជាក់ថា ខ្លួននឹងប្រកាសព័ត៌មានលម្អិត អំពីឋានៈរបស់លោក ក្នុងពេលវេលាដ៏សមស្រប។
លោក Rocha មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយដែលត្រូវបានបានផ្ញើទៅគណនី Instagram របស់លោក។ ហើយក្រុមហ៊ុនបវរកញ្ញាចក្រវាលក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយដែលបានផ្ញើរទៅកាន់គេហទំព័ររបស់ស្ថាប័ននេះ៕