លោកប្រធានាធិបតី Emmanuel Macron នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆិកា) នេះ បានបង្ហាញផែនការចូលបម្រើយោធាជាតិថ្មី ខណៈដែលប្រទេសបារាំងប្រឹងប្រែងពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីដោះស្រាយកង្វល់ដែលកំពុងកើនឡើង ពាក់ព័ន្ធនឹងការគំរាមកំហែងពីសំនាក់រុស្ស៊ី ចំពោះបណ្ដាប្រទេស នៅអឺរ៉ុប លើសពីការធ្វើសង្គ្រាម នៅអ៊ុយក្រែន។
លោក Macron បានប្រកាសថា អ្នកស្ម័គ្រចិត្តដែលមានអាយុចន្លោះ ១៨ និង ១៩ឆ្នាំ នឹងចាប់ផ្តើមការចូលបម្រើនេះនៅឆ្នាំក្រោយ នៅក្នុងកម្មវិធីចូលបម្រើយោធាថ្មីរយៈពេល ១០ខែ។ ក្នុងសុន្ទរកថា នៅឯមូលដ្ឋានយោធា Varces ក្នុងតំបន់ Alps របស់ប្រទេសបារាំង លោក Macron បានប្រាប់ថា៖ «កម្មវិធីចូលបម្រើកងទ័ពជាតិថ្មីមួយ ត្រូវបានរៀបចំបង្កើតឡើងជាបណ្តើរៗ ដោយចាប់ផ្តើមពីរដូវក្តៅក្រោយទៅ»។
លោក Macron បាននិយាយថា អ្នកស្ម័គ្រចិត្តវ័យក្មេង នឹងចូលបម្រើយោធាតែនៅដីគោក និងដែនដីក្រៅប្រទេសរបស់បារាំងតែប៉ុណ្ណោះ មិនមែននៅក្នុងប្រតិបត្តិការយោធារបស់បារាំង នៅក្រៅប្រទេសនោះឡើយ។ កាលពីដើមឆ្នាំនេះ មេដឹកនាំបារាំងរូបនេះ បានប្រកាសពីចេតនារបស់លោកក្នុងការផ្តល់ឲ្យយុវជនបារាំងនូវជម្រើសថ្មីមួយ ក្នុងការចូលបម្រើដោយស្ម័គ្រចិត្ត នៅក្នុងជួរកងទ័ព។
ការកេណ្ឌទ័ពដែលបារាំងបានបញ្ចប់ក្នុងឆ្នាំ១៩៩៦ មិនត្រូវបានយកមកពិចារណាឡើយ។ ហើយជាមួយគ្នានេះ លោក Macron បានពន្យល់ថា បារាំងប្រឹងប្រែងលើកកម្ពស់សមត្ថភាពការពារជាតិរបស់ខ្លួន ខណៈដែលសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បានធ្វើឲ្យទ្វីបអឺរ៉ុប ស្ថិតក្នុង «ហានិភ័យយ៉ាងខ្លាំង»៕