រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាលោក Rajnath Singh និងសមភាគីឥណ្ឌូនេស៊ីលោក Sjafrie Sjamsoeddin បានពិភាក្សាលើទំនាក់ទំនងការពារជាតិ ដោយផ្តោតសំខាន់ពីចក្ខុវិស័យចែករំលែកឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងញូវដែល្លី នាថ្ងៃព្រហស្បតិ៍នេះ ។
ឥណ្ឌូនេស៊ី និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន រួមទាំងលើវិស័យវប្បធម៌ សុខភាព ដែនសមុទ្រ សន្តិសុខ និងវិស័យឌីជីថល ។
លោក Singh និយាយថា ក្នុងរយៈពេលកន្លងមកនេះ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសពួកយើង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២កាន់តែរីកចម្រើន ទាំងទ្វេភាគី និងពហុភាគី ។
ឥណ្ឌូនេស៊ី កំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាអូសបន្លាយពេលជាមួយក្រុមហ៊ុន BrahMos Aerospace ដែលជាក្រុមហ៊ុនចម្រុះរវាងឥណ្ឌា និងរុស្ស៊ី ដើម្បីទិញមីស៊ីលរយៈចម្ងាយមធ្យមមានមូលដ្ឋានលើឆ្នេរសមុទ្រ និងមីស៊ីលដែលអាចបំពាក់លើនាវាចម្បាំង ។
ក្រុមអ្នកវិភាគ និយាយថា ក្រុមហ៊ុន BrahMos បានក្លាយជាផ្នែកដ៏សំខាន់មួយក្នុងវិស័យការទូតការពារជាតិរបស់ឥណ្ឌា ចាប់តាំងពីឆ្នាំ ២០២០រហូតមក ពេលដែលទំនាក់ទំនងកាន់តែអាក្រក់ទៅជាមួយទីក្រុងប៉េកាំង ក្រោយទាហានឥណ្ឌា ២០នាក់ និងទាហានចិន ៤នាក់ បានស្លាប់ អំឡុងការប៉ះទង្គិចមួយក្នុងចំណោមការប៉ះទង្គិចបង្ហូរឈាមគ្នាខ្លាំងបំផុត នៅតាមព្រំដែន ក្នុងរយៈពេល ៥ទសវត្សរ៍កន្លងមកនេះ ៕