មនុស្សយ៉ាងហោច ៦៥នាក់ ត្រូវបានសម្លាប់ និងមនុស្សជិត ៣០០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយអគ្គិភ័យដ៏ធំមួយ បានហ៊ុមព័ទ្ធតំបន់អគារលំនៅឋានខ្ពស់ៗ នៅទីក្រុងហុងកុង ។
មេដឹកនាំហុងកុងនិយាយថា អណ្តាតភ្លើងដែលបានឆាបឆេះប៉មអគារ ៧ប្លុក ក្នុងចំណោមប៉មអគារ ៨ប្លុក នៅសង្កាត់ Tai Po កាលពីថ្ងៃពុធ បច្ចុប្បន្នជាមូលដ្ឋាន ស្ថិតក្រោមការគ្រប់គ្រង ។
យោងតាមតួលេខជំរឿនកាលពីពេលថ្មីនេះ បានឲ្យដឹងថា តំបន់លំនៅឋាន Wang Fuk Court មានពលរដ្ឋរស់នៅប្រហែល ៤.៦០០នាក់ ។ គេនៅមិនទាន់ច្បាស់នោះទេថាតើ មានមនុស្សប៉ុន្មាននាក់ នៅក្នុងប្លុកអគារ ពេលដែលអគ្គិភ័យបានឆាបឆេះឡើង ។
អ្នកប្រតិបត្តិក្រុមហ៊ុនសំណង់ ៣រូប ត្រូវបានចាប់ខ្លួន ពីបទសង្ស័យមនុស្សឃាត ហើយការស៊ើបអង្កេតពីលទ្ធភាពនៃអំពើពុករលួយ ត្រូវបានធ្វើផងដែរ ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ពលរដ្ឋហុងកុង បានបង្ហាញការគាំទ្រដល់ពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងរបស់ពួកគេ នៅក្នុងហេតុការណ៍អគ្គិភ័យលេបត្របាក់តំបន់អគារផ្ទះល្វែងដ៏ធំ។
ប្រជាពលរដ្ឋនាំគ្នាបរិច្ចាគសម្លៀកបំពាក់ ភួយ ស្បែកជើង និងចំណីអាហារ នៅជាប់ជម្រកជម្លៀសខ្លួន ។
លោកយាយ Chan An-yin វ័យ ៧២ឆ្នាំ និយាយថា លោកយាយមានអារម្មណ៍ស្លុតចិត្តខ្លាំងណាស់ចំពោះរឿងរ៉ាវទាំងនេះ ៕