នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆិកា) នេះ បានរិះគន់ធ្ងន់ៗតបទៅប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) គឺលោកស្រី Kaja Kallas ដោយបានបញ្ជាក់ថា គ្មានអំណាចខាងក្រៅណាមួយ នឹងអាចមកកម្រិតការចំណាយយោធារបស់រុស្ស៊ីបានឡើយ។
គួរបញ្ជាក់ថា អ្នកការទូតជាន់ខ្ពស់របស់ EU លោកស្រី Kallas បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីគួរតែ «កម្រិត» ទំហំនៃកងទ័ព និងថវិកាយោធារបស់ខ្លួន ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង នៅក្នុងប្រទេសអ៊ុយក្រែន ដោយលោកស្រីបានបន្ថែមថា មេដឹកនាំលោកខាងលិច មិនគួរធ្លាក់ចូលទៅក្នុង «អន្ទាក់» នៃការពិភាក្សា អំពីការរឹតបន្តឹងលើចំនួនកងទ័ពរបស់ទីក្រុងគីវ អំឡុងកិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូនោះឡើយ។
ការអត្ថាធិប្បាយរបស់លោកស្រី Kallas កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បង្កើនសម្ពាធលើទីក្រុងប្រ៊ុចសែល និងគីវ កាលពីសប្តាហ៍មុន ដើម្បីឲ្យបញ្ចប់សង្រ្គាម តាមលក្ខខណ្ឌដែលមនុស្សភាគច្រើនចាត់ទុកថា ផ្ដល់ផលចំណេញដល់ទីក្រុងមូស្គូ ក្នុងនោះរួមទាំងលទ្ធភាពនៃការកំណត់ទំហំយោធារបស់ទីក្រុងគីវផងដែរ។
យ៉ាងណាក្ដី ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានលើកឡើងថា គ្មានអំណាចណាមួយ អាចមកកម្រិតថវិកាយោធារបស់រុស្ស៊ីបានឡើយ។ ហើយសារព័ត៌មាន TASS បានបន្ថែមថា ជាមួយគ្នានេះ ប្រទេសរុស្ស៊ីបានច្រានចោលមិនទទួលយកការមានវត្តមាននៃកងកម្លាំងណាមួយឡើយ ជាអ្វីដែលគេហៅថា «សម្ព័ន្ធឆន្ទៈរួម» នៅក្នុងប្រទេសអ៊ុយក្រែន៕