កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារជាបន្តបន្ទាប់តាមច្រកអាកាសលើភាគខាងត្បូង និងភាគកណ្តាលតំបន់ហ្កាហ្សា រួមទាំងតំបន់នៅជិតខ្សែបន្ទាត់ពណ៌លឿង ដែលពួកគេគ្រោងនឹងដកចេញ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវគេរាយការណ៍ថា ពួកគេបានបំពានម្តងហើយម្តងទៀត ស្របពេលដែលសង្រ្គាមប្រល័យពូជសាសន៍ហ្កាហ្សា បន្តឥតឈប់ឈរ ។
យោងតាមសម្តីអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera បានឲ្យដឹងថា ការវាយប្រហារមួយចំនួននាព្រឹកថ្ងៃព្រហស្បតិ៍នេះ មានគោលដៅលើអគារនៅជំរំ Bureij ស្ថិតនៅភាគកណ្តាលហ្កាហ្សា និងទីក្រុងភាគខាងកើត Khan Younis ។
ពួកគេបើកការវាយប្រហាររាប់រយលើកដែលក្រុមការពារស៊ីវិលហ្កាហ្សានិយាយថា ជាការបំពានយ៉ាងច្បាស់ក្រឡែតលើបទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ៧សប្តាហ៍ ។
ការវាយប្រហារនេះ បានកើតមានឡើង ខណៈយោធាអ៊ីស្រាអែល បើករលកថ្មីនៃការវាយប្រហារ និងការចាប់ខ្លួននៅតំបន់កាន់កាប់វ៉េសប៊ែង រួមទាំងនៅតាមតំបន់ក្នុងទីក្រុង Qalqilya, Tubas, Hebron, Tulkarem និងទីក្រុង Nablus ។
យោងតាមសម្តីមន្រ្តីអឌ្ឍចន្ទប៉ាឡេស្ទីនក្នុងស្រុកមួយរូបដោយលើកប្រភពពីទីភ្នាក់ងារព័ត៌មាន Wafa បានឲ្យដឹងថា អំឡុងការវាយឆ្មក់របស់ពួកគេនៅទីក្រុង Nablus កងកម្លាំងអ៊ីស្រាអែល បានសួរចម្លើយមនុស្សនៅតាមវាល ហើយនិងវាយប្រហារមនុស្សយ៉ាងហោច ២៥នាក់ បណ្តាលឲ្យពួកគេរងរបួស និងត្រូវការការព្យាបាល ។
ដំណាក់កាលដំបូងនៃបទឈប់បាញ់ហ្កាហ្សា ជិតបញ្ចប់ហើយកាលពីថ្ងៃពុធ ក្រោយអ៊ីស្រាអែលប្រគល់សាកសពអ្នកទោសប៉ាឡេស្ទីន ១៥នាក់ ដល់អាជ្ញាធរហ្កាហ្សា រយៈពេល ១ថ្ងៃ ក្រោយក្រុមហាម៉ាស និងក្រុមជីហាដអ៊ិស្លាម ប្រគល់សាកសពចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ទៀត ។
បច្ចុប្បន្ន ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ បានដោះលែងចំណាប់ថ្នូររស់ទាំងអស់ ហើយនិងប្រគល់សាកសពមនុស្ស ២៦នាក់ ក្នុងចំណោមចំណាប់ថ្នូរស្លាប់ ២៨នាក់ ដែលតម្រូវប្រគល់ឲ្យអ៊ីស្រាអែល ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់មួយនេះ ៕