នៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីន Burj al-Barajneh បុរស ២នាក់ ឈរលើរានហាលទល់មុខគ្នា ជជែកគ្នាពីការវាយប្រហារកាលពីពេលថ្មីៗរបស់អ៊ីស្រាអែល ដោយបានសម្លាប់មន្រ្តីជាន់ខ្ពស់ក្រុមហេសបូឡាមួយរូប ដែលមានចម្ងាយពីកន្លែងដែលពួកគេកំពុងឈរត្រឹមតែ ១គ.មប៉ុណ្ណោះ ។
ឈរនៅលើរានហាលរបស់លោក បុរសវ័យ ៣០ស្តើង បានសួរទៅអ្នកជិតខាងម្នាក់របស់លោកថា តើអ្នកគិតថា ពួកគេនឹងបង្កសង្រ្គាមធំមួយទៀតដែរឬទេ?
បុរសដែលឈរនៅលើរានហាលម្ខាងទៀតក៏ឆ្លើយតបដោយភាពពុំច្បាស់លាស់ថា សូមព្រះជួយការពារពួកយើងផង ។
កាលពីរយៈពេល ១ឆ្នាំមុន តំបន់ជុំវិញជំរំមួយនេះ ដែលស្ថិតនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ត្រូវបានខ្ទេចខ្ទាំដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ។ ស្របពេលដែលជំរំមិនរងផលប៉ះពាល់ដោយផ្ទាល់ អគារបានអង្រួនយ៉ាងខ្លាំងពីការទម្លាក់គ្រាប់បែកខួងទម្លុះលេណដ្ឋានដែលមនុស្សជាច្រើននាំគ្នារត់គេចចេញទាំងព្រលឹងចុងសក់ ខ្លាចក្រែងតែអគារបាក់រលំ ។
បទឈប់បាញ់កាលពីខែវិច្ឆិកាឆ្នាំមុន រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ក្រោយជម្លោះរយៈពេល ១ឆ្នាំ បាននាំមកជាមួយភាពធូរស្បើយសម្រាប់មនុស្សជាច្រើននៅទីនេះ បើទោះបីជាការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តនៅទូទាំងតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតជ្រលងភ្នំ Bekaa របស់លីបង់ក៏ដោយ ។
ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារកាលពីថ្ងៃអាទិត្យកន្លងទៅ បានធ្វើមនុស្សជាច្រើននៅក្នុងប្រទេសលីបង់ មានការព្រួយបារម្ភថា ភាពតានតឹងមួយទៀត អាចនឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ៕
