ក្រុមអ្នកជំនាញសុខភាពបារាំង បានព្រមានថា វីរុសគ្រុនផ្តាសាយបក្សីដែលបាននឹងកំពុងរីករាលនៅក្នុងចំណោមសត្វស្លាបព្រៃ បសុបក្សី និងថនិកសត្វ អាចបង្កឲ្យមានការរីករាលដាលឆ្លងសកលអាក្រក់ជាងជំងឺ COVID-19ទៅទៀត បើសិនជាវីរុសផ្លាស់ប្តូរហ្សែនចម្លងរវាងមនុស្ស ។
ជំងឺគ្រុនផ្តាសាយបក្សីនាំឲ្យមានការសម្លាប់សត្វស្លាបរាប់លានក្បាល ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ធ្វើឲ្យអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ចំណីអាហារ និងធ្វើឲ្យថ្លៃចំណីអាហារហក់ឡើងខ្ពស់ ។
ការរីករាលដាលឆ្លងធ្ងន់ធ្ងរជំងឺគ្រុនផ្តាសាយបក្សី បានសម្លាប់សត្វក្រៀលផ្លាស់ទីជម្រករាប់ពាន់ក្បាលនៅភាគខាងកើតប្រទេសបារាំង ចាប់តាំងពីសតវត្សរ៍ទី ២០រហូតមក បង្ខំឲ្យអាជ្ញាធរសត្វព្រៃបញ្ជូនក្រុមការងារសង្រ្គោះបន្ទាន់ និងកសិករ ដើម្បីសម្លាប់ហ្វូងសត្វស្លាបដែលបានឆ្លង ។ ការឆ្លងទៅមនុស្សនៅតែជាករណីកម្រ ។
អ្នកស្រី Marie-Anne Rameix-Welti គឺជាប្រធានផ្នែកវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលឆ្លងមេរោគផ្លូវដង្ហើមនៃវិទ្យាស្ថានប៉ាស្ទ័រ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ្វីដែលពួកយើងព្រួយបារម្ភគឺវីរុសនេះសម្របខ្លួនទៅនឹងថនិកសត្វ ជាពិសេសជាមួយមនុស្ស ដែលមានសមត្ថភាពចម្លងពីមនុស្សទៅមនុស្ស ហើយវីរុសនេះ នឹងក្លាយជាវីរុសរាតត្បាតសកល ។
វិទ្យាស្ថានប៉ាស្ទ័រស្ថិតនៅក្នុងចំណោមមន្ទីរពិសោធន៍ដំបូងៗរបស់អឺរ៉ុប អភិវឌ្ឍ និងចែករំលែកការធ្វើតេស្តរកជំងឺ COVID-19 ធ្វើឲ្យពិធីសារមានសម្រាប់អង្គការសុខភាពពិភពលោក(WHO) និងមន្ទីរពិសោធន៍នៅទូទាំងពិភពលោក ។
អ្នកស្រី Marie-Anne និយាយទៀតថា មនុស្សមានអង់ទីគ័រប្រឆាំងជំងឺគ្រុនផ្តាសាយបក្សី H1 និង H3 ប៉ុន្តែពួកគេគ្មានអង់ទីគ័រប្រឆាំងនឹងជំងឺគ្រុនផ្តាសាយបក្សី H5ដែលធ្វើឲ្យប៉ះពាល់សត្វស្លាប និងថនិកសត្វនោះឡើយ ដូចពួកគេគ្មានវាប្រឆាំងជំងឺ COVID-19ដែរ ៕
