លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា ផែនការរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាចបង្កើតជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត ប៉ុន្តែនឹងបន្តការគំរាមកំហែងដណ្តើមយកទឹកដីបន្ថែមទៀតដោយកម្លាំង លុះត្រាតែទីក្រុងគីវដកថយ។

ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មាននៅទីក្រុង Bishtek ក្នុងសាធារណរដ្ឋអាស៊ីកណ្តាល នៃប្រទេស កៀហ្ស៊ីស៊ីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានបញ្ជាក់ថា វិមានក្រឹមឡាំង រំពឹងថាគណៈប្រតិភូអាមេរិក ដែលដឹកនាំដោយបេសកជនពិសេស លោក Steve Witkoff នឹងទៅទស្សនកិច្ចទីក្រុងមូស្គូនៅដើមសប្តាហ៍ក្រោយ ដោយបន្ថែមថា វិមានក្រឹមឡាំង បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិភាក្សាដ៏ម៉ឺងម៉ាត់។

ប៉ុន្តែឱកាសនៃការទម្លាយភាពទាល់ច្រកយ៉ាងឆាប់រហ័ស ហាក់ដូចជាមានតិចតួច បន្ទាប់ពីលោក Putin បាននិយាយម្តងទៀតអំពីការទាមទារអតិបរមារបស់លោក ដោយនិយាយថា សង្គ្រាមនៅអ៊ុយក្រែន នឹងបញ្ចប់ នៅពេលកងទ័ពអ៊ុយក្រែនដកខ្លួនចេញពីទឹកដីដែលពួកគេកាន់កាប់តែប៉ុណ្ណោះ។
មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថា ប្រសិនបើពួកគេមិនដកខ្លួនទេ ពួកលោកនឹងសម្រេចបានរឿងនេះតាមរយៈមធ្យោបាយយោធា។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា គណៈប្រតិភូរបស់លោក ក៏នឹងជួបក្រុមមន្ត្រីអាមេរិក នៅចុងសប្តាហ៍នេះដែរ ដើម្បីពិភាក្សាអំពីចំណុចដែលបានកំណត់នៅទីក្រុងហ្សឺណែវ។ ថ្លែងក្នុងសុន្ទរកថាវីដេអូពេលយប់របស់លោក លោក Zelenskyy បានបន្ថែមថា សប្តាហ៍ក្រោយនឹងមើលឃើញការចរចាសំខាន់ៗ មិនត្រឹមតែសម្រាប់គណៈប្រតិភូរបស់ពួកលោកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់រូបលោកផ្ទាល់ផងដែរ ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម៕

