ភ្នំពេញ: ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង យោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវឲ្យកងទ័ពរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជា ការដ្ឋាន។ ព្រមទាំងបន្តយកចិត្តទុកដាក់ស្វែងយល់ អំពីសភាពការណ៍ថ្មីៗ ដើម្បី លើកកម្ពស់មនសិការស្នេហាជាតិ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ ជំនាញ។ ទន្ទឹម នឹងនេះ ក៏សូមបន្តសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ព្រមជាមួយនឹងការបន្តប្រសិទ្ធភាពនៃការអនុវត្ត តួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការពង្រឹង ខឿន ការពារ ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព។ លើសពីនេះ សូមបន្តយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានរហ័សបំផុត ឱ្យស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន ដែលហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ។
ការអំពាវនាវនេះ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ៦ ខេត្តឧត្តរមានជ័យនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។



