អគ្គិភ័យឆាបឆេះទីតាំងផ្ទះកែច្នៃឈើធ្វើ តុ ទូ ទ្វារ បង្អួច រាលដាលដល់ផ្ទះប្រជាពលរដ្ឋសរុប៩ខ្នង ឆេះយ៉ាងសន្ធោសន្ធៅ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធាត្រ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវ៥៩៨ ស្ថិតនៅក្បែរស្តុបត្រឡោកបែក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្លើងឆាបឆេះចេញពីទីតាំងកែច្នៃឈើធ្វើ តុ ទូ ទ្វារ បង្អួច បង្កជាផ្សែងខ្មៅយ៉ាងខ្លាំង ផ្អើលដល់អ្នកភូមិនាំគ្នាស្រែកឆោឡោ រត់យកបំពង់ពន្លត់ អគ្គិភ័យ មកជួយបាញ់ពន្លត់ និងខ្លះទៀតយកទឹកជះ ប៉ុន្តែភ្លើងមិនថមថយនោះទេ បានឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំង។
ភ្លាមៗកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញពីគ្រប់គោលដៅការិយាល័យ ឆ្ពោះទៅកាន់ទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍ភ្លាមៗផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាក្នុងប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។ អគ្គិភ័យនេះបានឆេះផ្ទះប្រជាពលរដ្ឋសរុបចំនួន៩ខ្នង និងបង្កការខូចខាតទ្រព្យសម្បត្តិស្ទើរទាំងស្រុង ប៉ុន្តែមិនបង្កអោយមានមនុស្សរងរបួសក្នុងហេតុការណ៍ខាងលើនេះទេ។ ចំពោះមូលហេតុដែលបង្កអោយឆាបឆេះ កំពុងធ្វើការស្រាវជ្រាវ ៕ អត្ថបទ៖ កុម្ភៈ









