ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍២៧វិច្ឆិកាសប្ដាហ៍នេះថា ស្របពលភាពតានតឹងនៅតែឡើងកម្ដៅខ្លាំងជុំវិញជម្លោះកើតចេញពីការអត្ថាធិប្បាយថ្មីៗរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi លើតៃវ៉ាន់ ប្រទេសចិនបានចេញសេចក្តីជូនដំណឹងអំពីការធ្វើដំណើរជាថ្មី ដោយព្រមានពលរដ្ឋរបស់ខ្លួនកុំទៅលេងកម្សាន្តនៅប្រទេសជប៉ុន ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ ។

យោងតាមសារព័ត៌មាន Kyodo ស្ថានទូតចិនប្រចាំទីក្រុងតូក្យូបានចេញសេចក្តីជូនដំណឹងលើកទីពីរកាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីលើកទីមួយនៅថ្ងៃទី១៤ វិច្ឆិកា ដោយជំរុញឱ្យពលរដ្ឋចិន ដែលកំពុងស្ថិតរស់ក្នុងប្រទេសជប៉ុនរួចហើយ បង្កើនការយល់ដឹងអំពីសុវត្ថិភាព និងការពារខ្លួនឯង ។
ស្ថានទូតបានបញ្ជាក់ថា ចំនួនសំណើសុំជំនួយដែលធ្វើឡើងដោយពលរដ្ឋចិនទាក់ទងនឹងការរើសអើងប្រឆាំងនឹងពួកគេនៅក្នុងប្រទេសជប៉ុនបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងខែវិច្ឆិកានេះ។
ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងនៅដើមខែនេះ បន្ទាប់ពីលោកស្រី Takaichi បាននិយាយថា ការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ អាចបង្កើតជាស្ថានភាពគំរាមកំហែងដល់ការរស់រាន ដែលអាចអនុញ្ញាតឱ្យជប៉ុនអនុវត្តសិទ្ធិស្វ័យការពារខ្លួនរួមគ្នា។
ទីក្រុងតូក្យូបាននិយាយថា ទីក្រុងប៉េកាំងបានដាក់បម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន និងក៏បានពន្យារពេលកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ត្រីភាគីជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ ជាវិធានការមួយដែលទីក្រុងតូក្យូរិះគន់៕


