ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) ថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីបង្កើតរូបមន្តសន្តិភាពមួយ ដែលបានពិភាក្សានៅក្នុងជំនួបទីក្រុងហ្សឺណែវ ដើម្បីនាំមកនូវសន្តិភាព និងផ្តល់ការធានាសន្តិសុខសម្រាប់ទីក្រុងគីវ។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួនថា "ក្រុមការងាររបស់អ៊ុយក្រែន រួមជាមួយនឹងតំណាងអាមេរិក នឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីបន្តនាំយកដំណោះស្រាយដល់ចំណុចខ្វែងគ្នា ដែលជាលទ្ធផលនៃកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ក្នុងទម្រង់មួយដែលនឹងនាំភាគីទាំងពីរនៅលើផ្លូវឆ្ពោះទៅរកការធានាសន្តិភាព និងសន្តិសុខ"។

លោក Zelenskyy បន្តថា "នឹងមានកិច្ចប្រជុំគណៈប្រតិភូ ហើយភាគីអ៊ុយក្រែន នឹងត្រៀមលក្ខណៈយ៉ាងល្អ និងផ្តោតលើការងារប្រកបដោយអត្ថន័យ"។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបន្ថែមថា កិច្ចពិភាក្សាបន្ថែមទៀតដែលពាក់ព័ន្ធគណៈប្រតិភូទាំងពីរ និងរូបលោកផ្ទាល់ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ប៉ុន្តែលោកមិនផ្តល់ព័ត៌មានលម្អិតនោះទេ។

ផែនការសន្តិភាព ២៨ចំណុចរបស់អាមេរិក ដែលត្រូវរាយការណ៍ថាបង្រួញមកជាក្រមខណ្ឌ ១៩ចំណុចវិញ និងបានលេចធ្លាយកាលពីសប្តាហ៍មុននោះ បានបង្កការភ្ញាក់ផ្អើលនៅអ៊ឺរ៉ុប។ ផែនការនេះអំពាវនាវឱ្យមានការសម្បទានទឹកដីដោយអ៊ុយក្រែន បន្ថយទំហំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងការសន្យាថា ទីក្រុងគីវនឹងមិនចូលរួមជាមួយណាតូឡើយ៕