ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បានឆែកឆេរទីតាំងជាច្រើនកន្លែងនៅក្នុងរដ្ឋវ៉ាស៊ីនតោន និង ទីក្រុង San Diego កាលពីថ្ងៃព្រហស្បតិ៍ ជាអ្វីដែលខ្លួនបាននិយាយថាជាការស៊ើបអង្កេតភេរវកម្មលើបុរសម្នាក់ដែលសង្ស័យថាបានបាញ់សមាជិកឆ្មាំជាតិពីរនាក់។

ជនសង្ស័យម្នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងសន្តិសុខមាតុភូមិ មានឈ្មោះ Rahmanullah Lakanwal ជាជនជាតិអាហ្វហ្គានីស្ថាន។ បុរសអាយុ២៩ឆ្នាំរូបនេះរស់នៅក្នុងរដ្ឋវ៉ាស៊ីនតោនជាមួយប្រពន្ធ និងកូនប្រាំនាក់។
នាយក FBI លោក Kash Patel បាននិយាយថា អ្នកស៊ើបអង្កេតបានរឹបអូសឧបករណ៍អេឡិចត្រូនិកជាច្រើនពីលំនៅឋានរបស់ជនសង្ស័យ និងបានសាកសួរសាច់ញាតិរបស់ជននេះ។

ពេលនេះមានការបញ្ជាក់ថា លោក Rahmanullah Lakanwal មានទំនាក់ទំនងជាមួយកងកម្លាំងជាដៃគូនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ យើងកំពុងស៊ើបអង្កេតយ៉ាងពេញលេញអំពីទិដ្ឋភាពនៃប្រវត្តិរបស់ជននេះ។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) និយាយថា ខ្មាន់កាំភ្លើងតែម្នាក់គត់ដែលបានបើកការបាញ់ប្រហារដោយគ្មានការញុះញង់ ធ្វើសកម្មភាពតាមរបៀបវាយឆ្មក់ប្រដាប់ដោយកាំភ្លើងខ្លី Smith and Wesson 357។