ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍នៅថ្ងៃសុក្រ (២៨ វិច្ឆិកា) នេះថា សមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក គឺមានបំណងរារាំងកូរ៉េខាងជើង។

KCNA បាននិយាយថា សម្ព័ន្ធមិត្តទាំងពីរនេះបានធ្វើសមយុទ្ធជាច្រើនលើក រួមទាំងសមយុទ្ធកងទ័ពជើងទឹកនៅក្នុងដែនទឹកក្បែរទីក្រុង Pyeongtaek របស់កូរ៉េខាងត្បូង ជាទីដែលពួកគេបានចល័តសព្វាវុធដូចជា នាវាពិឃាតមីស៊ីលប្រើប្រព័ន្ធទូរបញ្ជា និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក។

KCNA បន្តថា សហរដ្ឋអាមេរិកក៏ដាក់ពង្រាយយន្តហោះចម្បាំង F-16 នៅមូលដ្ឋានទ័ពអាកាសក្នុងកូរ៉េខាងត្បូងនិងជប៉ុនផងដែរ ដោយបន្ថែមថា សមយុទ្ធនេះមានបំណង "ប្រើកម្លាំង" ដើម្បីរារាំងកូរ៉េខាងជើង និងបណ្តាប្រទេសក្នុងតំបន់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកទេគឺជាអ្នកដែលកំពុង "គំរាមកំហែងដល់សន្តិភាព និងស្ថិរភាព និងបំផ្លាញតុល្យភាពសន្តិសុខជាយុទ្ធសាស្ត្រ"។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា "ជារឿងប្រសើរណាស់" ក្នុងការដែលសម្ព័ន្ធមិត្តទីពីរ បន្ថយការធ្វើសមយុទ្ធយោធារួមគ្នា នៅពេលរបបសន្តិភាពដ៏រឹងមាំមួយបង្កើតឡើង។
អស់ពេលជាងមួយសប្តាហ៍ហើយ ចាប់តាំងពីកូរ៉េខាងត្បូង បានស្នើកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាពីការបង្កើតព្រំដែនច្បាស់លាស់តាមបន្ទាត់ព្រំដែនយោធា (MDL) ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមព្រំដែន។ មកទល់ពេលនេះ កូរ៉េខាងជើង មិនបានឆ្លើយតប ឬប្រតិកម្មចំពោះសំណើនេះទេ៕