រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា កិច្ចខិតខំខាងការទូតចាំបាច់ត្រូវពង្រីកបន្ថែមដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែន ជាសញ្ញាមួយដែលទីក្រុង Moscow អាចត្រៀមខ្លួនក្នុងមធ្យោបាយចរចា ដើម្បីដើរលុបបំបាត់ការគំរាមនៃផ្ទុះសង្គ្រាមនៅក្នុងតំបន់អឺរ៉ុប។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអាទិត្យលោក Putin បានស្ដីបន្ទោសអង្គការ NATO ចំពោះការបង្កើនអាវុធ និងគ្រាប់រំសេវទំនើបៗចូលទៅក្នុងប្រទេសអ៊ុយក្រែន។

ការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាទាំង ២ កើតឡើង ២សប្ដាហ៍បន្ទាប់ពីលោក Macron បានធ្វើដំណើរទៅកាន់ទីក្រុង Moscow ដើម្បីបញ្ចុះបញ្ចូលលោក Putin ឲ្យបញ្ឈប់ការបញ្ជូនកងទ័ពទៅកាន់ព្រំដែនជាប់អ៊ុយក្រែន។ សេចក្ដីថ្លែងការរបស់វិមានក្រឹមឡាំងបាននិយាយថា លោក Putin និងលោក Macron បានពិភាក្សាពីការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវពីសំណាក់បណ្ដាប្រទេសជាសមាជិករបស់អង្គការ NATO ទៅកាន់អ៊ុយក្រែន ដែលវិមានក្រឹមឡាំងនិយាយថា ខ្លួនកំពុងជំរុញឲ្យទីក្រុងគៀវ (Kyiv) ស្វែងរកដំណោះស្រាយយោធាប្រឆាំងនឹងក្រុមអ្នកបំបែកខ្លួន នៅក្នុងភាគខាងកើតរបស់ប្រទេសនេះ។ លោក Putin និងលោក Macron បានព្រមព្រៀងគ្នាលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលគួរតែធ្វើឡើងតាមរយៈប្រមុខការទូត និងក្រុមតំណាងមកពីប្រទេសបារាំង អាល្លឺម៉ង់ រុស្ស៊ី និងអ៊ុយក្រែនដែលបង្កើតឲ្យមានការចរចាក្រុម ៤ប្រទេសដែលមានឈ្មោះថា Normandy៕
អត្ថបទ៖ សុខមាន