ក្រសួងការបរទេសរុស្ស៊ី បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ ខែវិច្ឆិកា ថា ខ្លួនរក្សាសិទ្ធិក្នុងការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះផែនការរបស់ប្រទេសជប៉ុនក្នុងការដាក់ពង្រាយមីស៊ីលនៅលើកោះមួយជិតឆ្នេរសមុទ្រតៃវ៉ាន់។

រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសជប៉ុន លោក Shinjiro Koizumi បាននិយាយថា ផែនការកំពុង «ឈានឆ្ពោះទៅមុខជាលំដាប់» ក្នុងការដាក់ពង្រាយអង្គភាពមីស៊ីលបាញ់ពីដីគោកទៅអាកាសរយៈចម្ងាយមធ្យមនៅមូលដ្ឋានយោធាមួយកន្លែងនៅលើកោះ Yonaguni ជាកោះមួយនៅក្នុងខេត្ត Okinawa មានចម្ងាយប្រហែល១១០ គីឡូម៉ែត្រ ជិតឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់។

ទីក្រុងមូស្គូ បានចោទប្រកាន់ទីក្រុងតូក្យូពីការធ្វើសកម្មភាពតាមបញ្ជារបស់សហរដ្ឋអាមេរិក ដោយនិយាយថា ប្រទេសជប៉ុនកំពុង «បញ្ជូនអាវុធទៅកាន់ប្រជុំកោះទាំងនេះ» ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបង្កើនយោធាកាន់តែទូលំទូលាយ។