បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជាត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូល C រវាងវៀតណាម និងថៃ បន្ទាប់ពីភ្លាត់ប្រកួតចាញ់ក្រុម U23 ទីម័រខាងកើត ១-០ ក្នុងជំនួបបញ្ចប់ពូល A នៃពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ជំនួបដ៏តានតឹងដែលមានអ្នកទស្សនាផ្ទាល់ ២៥,៣០៧នាក់នេះ ទីម័រខាងកើតបានបើកការនាំមុខក្រុមគោព្រៃជំទង់កម្ពុជា ១គ្រាប់មុនតាមរយៈការទាត់បាល់ពីចម្ងាយរបស់កីឡាករ Joao Bosco Halle នៅនាទី១៨ ។ បន្ទាប់មកកម្ពុជាបានព្យាយាមវាយបកវិញនៅវគ្គទី១ តែធ្វើមិនបានសម្រេចឡើយនាំឲ្យទីម័រខាងកើតទទួលបាន ៣ពិន្ទុបន្ថែម និងឡើងឈរកំពូលតារាងពូល A មាន ៧ពិន្ទុដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង។ ក្រោយចប់ការប្រកួតលោក Ryu Hirose គ្រូបង្វឹកក្រុម U23 កម្ពុជាបានទទួលស្គាល់នេះគឺជាការប្រកួតដ៏តានតឹង និងពិបាកសម្រាប់ក្រុមខ្លួនបើធៀបនឹងការប្រកួត ២ប្រកួតមុន ពោលគឺតាំងពីចាប់ផ្ដើមវគ្គទី១ ក្រុមយុវជនកម្ពុជាមិនអាចរក្សាការអត់ធ្មត ក៏ដូចជាមិនអាចរក្សាការគ្រប់គ្រងបាល់បាន ផ្ទុយពីអ្វីដែលបានរៀបចំ។ លោកថា ក្រុមទាំងមូលត្រូវតែរៀនយកឈ្នះការប្រកួតដែលសំខាន់ដូច្នេះ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និងពានរង្វាន់ផ្សេងៗទៀត។
សូមបញ្ជាក់ថា ក្រោយរបូត ៣ពិន្ទុដំបូង ក្នុងប្រកួតទី៣ នៃពូល A គេមើលឃើញថា ក្រុមគោព្រៃជំទង់កម្ពុជានៅសល់ឱកាសតិចតួចប៉ុណ្ណោះ ក្នុងការប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U23 Championship 2022 ដោយផ្អែកលើលទ្ធផលការប្រកួតបញ្ចប់ពូល C រវាងក្រុម U23 វៀតណាម និងថៃនាថ្ងៃទី២២ ខែកុម្ភៈស្អែក ហើយបើក្រុមទាំងពីរប្រកួតស្មើគ្នាវិញកម្ពុជានឹងត្រូវបាត់បង់ឱកាសមាសនេះតែម្ដង។ ចំពោះក្រុម U23 កម្ពុជាមានឱកាសឡើងវគ្គបន្ដ លុះត្រាការប្រកួតរវាងវៀតណាម និងថៃបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ក្នុងនោះវៀតណាមអាចឈ្នះថៃលើសពី ២គ្រាប់ឡើង ឬថៃឈ្នះវៀតណាមលើសពី ៧គ្រាប់ឡើង ព្រោះបើគិតពិន្ទុបណ្ដោះអាសន្នដើម្បីស្វែងរកក្រុមលេខ២ ល្អជាងគេបច្ចុប្បន្នកម្ពុជាមាន ៣ពិន្ទុ តែគ្មានគ្រាប់បាល់ចំណេញ ផ្ទុយពីវៀតណាមដែលមាន ៣ពិន្ទុ តែមានគ្រាប់បាល់ចំណេញ ៧គ្រាប់ ហើយថៃមាន ៣ពិន្ទុដូចគ្នា និងមានគ្រាប់បាល់ចំណេញ ២គ្រាប់។ តាមរយៈនេះហើយដែលធ្វើឲ្យគេមើលឃើញថា កម្ពុជានៅសល់ឱកាសតិចតួចប៉ុណ្ណោះដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ លី ឈុនឡា