ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) បានចេញការព្រមានធ្ងន់ៗជាថ្មីថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើសេចក្តីព្រាងនៃវិធានការសងសឹកមួយ ក្នុងករណីដែលសហភាពអឺរ៉ុប សម្រេចប្រើប្រាស់សាច់ប្រាក់នៃទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីធ្វើហិរញ្ញប្បទានឥណទានគ្មានការប្រាក់ចំនួន ១៤០ពាន់លានអឺរ៉ូ ឱ្យដល់អ៊ុយក្រែន។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ីស្កេក លោក Putin បានលើកឡើងថា "រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី តាមការចាត់តាំងរបស់លោក បានបង្កើតកញ្ចប់នៃវិធានការសងសឹកមួយ ក្នុងករណីដែលរឿងនេះកើតឡើង"។

លោកបន្តថា ការប្រើទ្រព្យបង្កក ដើម្បីផ្តល់ហិរញ្ញប្បទានដល់ឥណទានបែបនោះ គឺស្មើនឹង "ការលួចទ្រព្យសម្បត្តិអ្នកដទៃ" ហើយទង្វើនេះនឹងប៉ះពាល់ដល់ជំហររបស់អឺរ៉ុប លើឆាកអន្តរជាតិ។ មេដឹកនាំរុស្ស៊ីរូបនេះក៏ព្រមានថា អឺរ៉ុបនឹងឆ្លងកាត់ "ការសាកល្បងផ្នែកសេដ្ឋកិច្ចដែលមិនងាយស្រួលនោះទេ" ដោយសារសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប គឺអាល្លឺម៉ង់កំពុងស្ថិតក្នុងវិបត្តិអស់ ៣ឆ្នាំមកហើយ។

គួរឱ្យដឹងថា គណៈកម្មការអឺរ៉ុប បាននិយាយម្តងហើយម្តងទៀតថា គំនិតផ្តួចផ្តើមនៃ "ឥណទានគ្មានការប្រាក់សម្រាប់អ៊ុយក្រែននោះ" នឹងមិនមែនជាការរឹបអូសទ្រព្យសម្បត្តិ ដែលបច្ចុប្បន្នត្រូវបង្កកនៅក្នុងឃ្លាំង Euroclear មានមូលដ្ឋាននៅទីក្រុងព្រុចសែល នោះទេ។ ទោះយ៉ាងនេះក្ដី បែលហ្ស៊ិកប្រឆាំងនឹងគំនិតនេះ ដោយភ័យខ្លាចវិធានការសងសឹករបស់រុស្ស៊ី៕