មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានច្រានចោលអះអាងថ្មីៗនេះដែលថា ទីក្រុងតេអេរ៉ង់ បានផ្ញើសារទៅសហរដ្ឋអាមេរិកតាមរយៈប្រទេសទី៣ ជាពាក្យចចាមអារ៉ាមដែលត្រូវបានគេប្រឌិតឡើងទេ។

ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ លោកហាក់ដូចជាបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលបង្ហាញថា សារមួយដែលបានផ្ញើកាលពីដើមខែនេះ ដោយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ថ្វាយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman Al Saud មុនពេលដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅសហរដ្ឋអាមេរិក។

លោក Khamenei បាននិយាយថា៖«ពួកគេប្រឌិតពាក្យចចាមអារ៉ាម ដោយអះអាងថា រដ្ឋាភិបាលអ៊ីរ៉ង់បានផ្ញើសារទៅសហរដ្ឋអាមេរិកតាមរយៈប្រទេសណាមួយ ដែលជាការកុហកសុទ្ធសាធ ហើយរឿងបែបនេះ ពិតជាមិនបានកើតឡើងទេ»។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ លិខិតរបស់លោក Pezeshkian ដែលបានបញ្ជាក់ថា អ៊ីរ៉ង់ «មិនស្វែងរកការប្រឈមមុខដាក់គ្នាទេ» មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងនៅតែ «បើកចំហចំពោះការដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូត ប្រសិនបើសិទ្ធិរបស់ខ្លួន ត្រូវបានធានានោះ»។
នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Khamenei បានរិះគន់យ៉ាងខ្លាំងៗចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះ «សង្គ្រាម និងឧក្រិដ្ឋកម្ម»របស់អ៊ីស្រាអែល នៅអាស៊ីខាងលិច ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានបញ្ឆេះជម្លោះសកលដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងធនធាន។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ត្រីអ៊ីរ៉ង់បានសង្កត់ធ្ងន់រួចហើយថា សាររបស់លោក Pezeshkian ផ្ញើថ្វាយ អង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត បានលើកឡើងតែបញ្ហាទ្វេភាគីប៉ុណ្ណោះ៕