មន្ត្រីប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥នាក់ បានរងរបួស និង ១១៩នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួននៅក្នុងទីក្រុង Tubas ភាគខាងជើងតំបន់វេសបែង (West Bank) ខណៈដែលប្រតិបត្តិការយោធាអ៊ីស្រាអែល បានចូលដល់ថ្ងៃទី២ហើយនោះ។

លោក Nidal Odeh ប្រធានសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីននៅក្នុងតំបន់នោះ បាននិយាយថា ក្រុម គ្រូពេទ្យបានព្យាបាលមនុស្ស ២៥នាក់ ដែលបានរងរបួស ចាប់តាំងពីប្រតិបត្តិការ បានចាប់ផ្តើមកាលពីព្រឹកព្រលឹមថ្ងៃពុធ។ លោកបានបញ្ជាក់ថា អ្នករងរបួសមួយចំនួន គឺជាបុរសវ័យក្មេងដែលត្រូវបានឃុំខ្លួន សួរចម្លើយ និងវាយដំដោយកងកម្លាំងអ៊ីស្រាអែល មុនពេលត្រូវបានដោះលែង។ លោកបានបន្ថែមថា របួសរបស់ពួកគេ មានកម្រិតមធ្យម។

លោក Kamal Bani Odeh ប្រធានក្លិបអ្នកទោសនៅទីក្រុង Tubas បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានឃុំខ្លួនជនជាតិប៉ាឡេស្ទីន ១១៩នាក់ ក្នុងនោះមានអតីតអ្នកទោសស្ត្រីម្នាក់ និងម្តាយរបស់ខ្លួន។ លោកបាននិយាយថា ប្រហែល ៥០នាក់ក្នុងចំណោមអ្នកត្រូវគេឃុំខ្លួនទាំងនោះ ត្រូវបានដោះលែង បន្ទាប់ពីសួរចម្លើយរួច។
យោងតាមប្រភពព័ត៌មានអ៊ីស្រាអែល និងប៉ាឡេស្ទីន អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំ នៅភាគខាងជើងតំបន់វេសបែង កាលពីថ្ងៃពុធ ដោយដាក់ចេញនូវបម្រាមគោចរ បិទផ្លូវ និងដាក់ពង្រាយកងទ័ពបន្ថែម។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងការពារអ៊ីស្រាអែល ទីភ្នាក់ងារចារកម្មក្នុងស្រុក ISA និងនគរបាលព្រំដែន បានចាប់ផ្តើម «ប្រតិបត្តិការប្រឆាំងភេរវកម្ម» នៅក្នុងតំបន់ជាច្រើននៃភាគខាងជើងនៃតំបន់វេសបែង។ យោធាអ៊ីស្រាអែល បានអះអាងថា ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់នោះបានធ្វើការវាយប្រហារជាច្រើនលើកលើជនស៊ីវិល និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ៕