សហរដ្ឋអាមេរិក៖ ប្រមុខការទូតអាមេរិកបាននិយាយថា ការបង្កើនសកម្មភាពសមយុទ្ធរបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស បានធ្វើឲ្យលោកបារម្ភកាន់តែខ្លាំងពីការឈ្លានពានដែលអាចកើតឡើងគ្រប់ពេលវេលា ចូលទៅក្នុងប្រទេសអ៊ុយក្រែន។ រុស្ស៊ីបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៃកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួនកាលពីថ្ងៃសៅរ៍ ស្របពេលមានភាពតានតឹងជាមួយអ៊ុយក្រែន។

សមយុទ្ធនេះកើតឡើងដែលជាការរំលឹកយ៉ាងម៉ឺងម៉ាត់អំពីឥទ្ធិពលនុយក្លេអ៊ែររបស់ប្រទេស ខណៈមានការព្រួយបារម្ភពីលោកខាងលិចថា ទីក្រុងមូស្គូអាចនឹងត្រៀមដើម្បីឈ្លានពានអ៊ុយក្រែន។ លោក Antony Blinken បាននិយាយថា ក្រុងមូស្គូសម្រេចចិត្តរក្សាទុកកងកម្លាំងប្រមាណ ៣០,០០០នាក់នៅក្នុងប្រទេសបេឡារុស្សក្បែរអ៊ុយក្រែន ស្របពេលមានក្ដីបារម្ភកើនឡើងកាន់តែខ្លាំងនៅភាគខាងកើតអ៊ុយក្រែន។ ការព្រមានរបស់លោកមានឡើង ខណៈប្រភពនានាពីភ្នាក់ងារចារកម្មអាមេរិកដែលមិនបានបញ្ជាក់បាននិយាយថា ក្រុមមេបញ្ជាការរុស្ស៊ីត្រូវបានទទួលបញ្ជាឲ្យឈ្លានពាន។ ប៉ុន្តែអ៊ុយក្រែនបាននិយាយថា ការនិយាយពីការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន គឺជារឿងមិនត្រឹមត្រូវទេ។
រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនលោក Alexei Reznikov បាននិយាយថា ការវាយប្រហារនៅថ្ងៃស្អែក ឬថ្ងៃនេះ ខាងស្អែក សុទ្ធតែជាការសន្និដ្ឋានមិនសមទំនង ព្រោះកងនាវាពិឃាតរបស់រុស្ស៊ីមិនទាន់បានដាក់ពង្រាយ ជិតព្រំដែនអ៊ុយក្រែននៅឡើយទេ។ រុស្ស៊ីបានច្រានចោលការចោទប្រកាន់ទាំងឡាយដែលថា ខ្លួនមានគម្រោងចូលឈ្លានពានប្រទេសជិតខាងរបស់ខ្លួន។ ចំណែកសេចក្ដីថ្លែងការណ៍របស់ប្រទេសបេឡារុស្សបានស្ដីបន្ទោស ការបំប៉ោងស្ថានការណ៍ឲ្យកាន់តែអាក្រក់នៅក្នុងភាគខាងកើត ដោយចោទលើការបន្ថែមពេលវេលាធ្វើសមយុទ្ធនៅក្នុងប្រទេសបេឡារុស្ស៕
អត្ថបទ៖ សុខមាន