ប្រទេសអឺរ៉ុបចំនួន ៤ កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់អ្វីដែលពួកគេហៅថា ជា«អំពើហិង្សាកាន់តែខ្លាំងឡើងរបស់អ្នកតាំងទីលំនៅប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន» នៅក្នុងតំបន់វេសបែង (West Bank)។

ពួកគេបាននិយាយថា៖«យើង គឺប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការកើនឡើងយ៉ាងខ្លាំងនូវអំពើហិង្សារបស់អ្នកតាំងឋានប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន និងអំពាវនាវឲ្យមានស្ថិរភាពនៅក្នុងតំបន់វេសបែង»។

ពួកគេបានបន្ថែមថា៖«ការវាយប្រហារទាំងនេះ ត្រូវតែបញ្ឈប់» ដោយនិយាយថា ពួកគេប្រថុយនឹងការធ្វើឲ្យខូចផែនការបញ្ចប់សង្គ្រាមហ្កាហ្សា និងការរំពឹងទុកសម្រាប់សន្តិភាពរយៈពេលវែង។
អ៊ីស្រាអែលបានកាន់កាប់តំបន់វែសបែង តាំងពីឆ្នាំ ១៩៦៧។
អំពើហិង្សានៅក្នុងតំបន់វេសបែង បានកើនឡើងកាន់តែខ្លាំង ចាប់តាំងពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីខែតុលា ឆ្នាំ ២០២៣ ទៅលើអ៊ីស្រាអែល បានបង្កឲ្យមានសង្គ្រាមហ្កា ហ្សា។
អំពើហិង្សានេះ មិនទាន់បានបញ្ឈប់នៅឡើយទេ ទោះបីជាបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចូលជាធរមាន កាលពីខែមុនក៏ដោយ។
យោងតាមចំនួនសរុបរបស់សារព័ត៌មាន AFP ដែលផ្អែកលើតួលេខរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន កងទ័ពអ៊ីស្រាអែល ឬអ្នកតាំងទីលំនៅ បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១.០០០ នាក់ នៅក្នុងតំបន់វេសបែង ដែលភាគច្រើនជាជនសកម្មប្រយុទ្ធ ប៉ុន្តែក៏មានជនស៊ីវិលជាច្រើននាក់ផងដែរ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមហ្កាហ្សា។
យ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែល ៤៤ នាក់ រួមទាំងទាហាន និងជនស៊ីវិល ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ប៉ាឡេស្ទីន ឬប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។ នេះបើយោងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែល៕