តុលាការរុស្ស៊ីមួយកាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោសមនុស្ស ៨នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទផ្ទុះដ៏ធំក្នុងឆ្នាំ ២០២២ ដែលបានបំផ្លាញស្ពានគ្រីម៉េមួយផ្នែក ជាការវាយប្រហារដែលទាំងទីក្រុងគីវ និងទីក្រុងមូស្គូ បាននិយាយថា ត្រូវបានរៀបចំឡើងដោយសេវាសម្ងាត់របស់អ៊ុយក្រែន។

មនុស្សចំនួន ៥នាក់ ត្រូវបានសម្លាប់ នៅពេលដែលស្ពានមានប្រវែង ១៩ គីឡូម៉ែត្រ (១២ ម៉ាយ) ដែលភ្ជាប់ឧបទ្វីបគ្រីម៉េទៅប្រទេសរុស្ស៊ី ត្រូវបានវាយប្រហារដោយការបំផ្ទុះគ្រាប់បែកដាក់ក្នុងរថយន្តដឹកទំនិញ នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២២ រយៈពេល ៨ខែ បន្ទាប់ពីទីក្រុងមូស្គូ បានវាយប្រហារលើអ៊ុយក្រែន។
ក្រោយមក ទីក្រុងគីវបានអះអាងទទួលខុសត្រូវចំពោះការផ្ទុះទាំងនេះ ដោយនិយាយថា ពួកគេមានគោលបំណងរារាំងដល់ការដឹកជញ្ជូនរបស់ទីក្រុងមូស្គូ។

ឧបទ្វីបគ្រីម៉េដែលត្រូវបានរុស្ស៊ីដាក់ជាឧបសម្ព័ន្ធរបស់ខ្លួន ក្នុងឆ្នាំ ២០១៤ គឺជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងទ័ពរបស់ទីក្រុងមូស្គូ ដែលកំពុងប្រយុទ្ធនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
តុលាការយោធាភាគខាងត្បូងរបស់រុស្ស៊ី នៅទីក្រុង Rostov-on-Don បាននិយាយនៅលើបណ្តាញ Telegramថា៖«ជនជាប់ចោទត្រូវបានរកឃើញថា មានទោស និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
ជនជាប់ចោទទាំងនោះ ត្រូវបានកាត់ទោសនៅក្នុងសវនាការបិទទ្វារ នៅតុលាការយោធាមួយ៕