ក្រសួងការបរទេសអ៊ីរ៉ង់កាលពីព្រហស្បតិ៍ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្រេច«ដោយខ្វះការគោរព និងមិនសមហេតុផល» របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការដាក់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)ក្នុងបញ្ជីជា «រដ្ឋឧបត្ថម្ភភេរវកម្ម»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងអ៊ីរ៉ង់បានពិពណ៌នាអំពីការសម្រេចនេះថា «ខុសច្បាប់ មិនសមហេតុផល និងរំលោភលើបទប្បញ្ញត្តិ និងបទដ្ឋានច្បាប់អន្តរជាតិ» ក្នុងការគោរពអធិបតេយ្យភាពជាតិ របស់រដ្ឋ។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«ចំណាត់ការផ្នែកនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលី គឺជាគំរូដ៏គ្រោះថ្នាក់ និងជាឧក្រិដ្ឋកម្ម ដែលត្រូវបានរៀបចំឡើង ក្រោមឥទ្ធិពលរបស់អ៊ីស្រាអែល»។
ក្រសួងបានសង្កត់ធ្ងន់ថា កងឆ្មាំបដិវត្តន៍ឥស្លាម( IRGC) គឺជាផ្នែកមួយនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ "ដែលបានដើរតួនាទីសំខាន់បំផុតក្នុងការការពារអធិបតេយ្យភាពជាតិ និងសន្តិសុខរបស់ប្រទេសនេះ ប្រឆាំងនឹងការឈ្លានពានពីបរទេស និងក្នុងការប្រឆាំងនឹងអំពើភេរវកម្ម»។ ក្រសួងការបរទេស បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងការអនុវត្តវិធានការចាំបាច់ទាំងអស់ដើម្បីការពារឋានៈ និងកេរ្តិ៍ឈ្មោះរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសប្រឆាំងនឹង «សកម្មភាពបង្កអរិភាព»ណាមួយ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចុះបញ្ជីជាផ្លូវការនូវកងឆ្មាំបដិវត្តន៍ឥស្លាម(IRGC)ជា«រដ្ឋឧបត្ថម្ភភេរវកម្ម» ដោយបន្ថែមថា ការសម្រេចនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការវាយតម្លៃរបស់អង្គការស៊ើបការណ៍សម្ងាត់សន្តិសុខអូស្ត្រាលីថា «IRGC» បានរៀបចំការវាយប្រហារប្រឆាំងនឹងសហគមន៍ជ្វីហ្វនៅអូស្ត្រាលី»៕