លោក Hans Grundberg បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសយេម៉ែន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលមួយនៅទីក្រុង Muscat ក្នុងសប្តាហ៍នេះ ដែលរៀបចំដោយប្រទេសអូម៉ង់ ដោយបង្ហាញពីលទ្ធភាពនៃការបន្តកិច្ចចរចាសន្តិភាពរវាងភាគីជម្លោះយេម៉ែន។

យោងតាមសេចក្តីថ្លែងការណ៍ ការពិភាក្សាបានផ្តោតលើការវិវត្តថ្មីៗ នៅក្នុងប្រទេសយេម៉ែន និងតំបន់ដ៏ទូលំទូលាយ ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួលកាន់តែជិតស្និទ្ធនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីគាំទ្រដល់ដំណើរការនយោបាយរបស់ប្រទេសយេម៉ែន។

លោក Grundberg បានបញ្ជាក់ថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad Al Busaidi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងរដ្ឋមន្ត្រីការបរទេសកាតា លោក Mohammed al-Khulaifi។ លោក Grundberg បាននិយាយថា លោកក៏បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសយេម៉ែន លោក Mustafa Noman រួមជាមួយមន្ត្រីយេម៉ែនជាច្រើនរូប ទៀត។
ប្រភពមួយនៅក្នុងការិយាល័យប្រេសិតយេម៉ែនរបស់UN ដែលមានមូលដ្ឋាននៅប្រទេសហ្ស៊កដានី បានប្រាប់សារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សំណើថ្មីៗ ត្រូវបានដាក់ចេញក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Grundberg រួមទាំងការបើកឡើងវិញនិងប្រតិបត្តិការអាកាសយានដ្ឋាន Sanaa និងកំពង់ផែ Hodeidah ដែលទាំងពីរនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ួទី៕